លោកចូ បៃឌិនទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ក្រោយរយៈពេល៣លើកចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី។ ពីរលើកមុនដែលចូលរួមប្រកួតប្រជែងមិនបានសម្រេច រហូតដល់លើកទីបីទើបទទួលបានជោគជ័យ។
តាមទស្សនាវដ្តីForbes បានផ្សាយថា បច្ចុប្បន្នលោកបៃឌិនមានទ្រព្យសម្បត្តិសរុប៩លានដុល្លារ។
លោក បៃឌិន កើតនៅថ្ងៃទី ២០/១១/១៩៤២ នៅទីក្រុង Scranton រដ្ឋ Pennsylvania ដែលជារដ្ឋមានចម្រុះជាតិសាសន៍ភាគច្រើនជាអ្នកធ្វើពលកម្មដោយកម្លាំង។ ឪពុករបស់លោក ឈ្មោះJoseph Biden Sr ជាកម្មករ ហើយប្រឹងចិញ្ចឹមកូនឱ្យរៀនសូត្រ។
ពេលមានអាយុ១៣ឆ្នាំ លោកបៃឌិនក៏បានផ្លាស់ទីលំនៅទៅកាន់រដ្ឋ Delaware ។ នៅទីនោះគឺជាការចាប់ផ្តើមសម្រាប់វិស័យនយោបាយរបស់លោកបៃឌិន។ នៅឆ្នាំ១៩៧២ ពេលលោកបៃឌិនមានអាយុ២៩ឆ្នាំក៏បានឈរឈ្មោះប្រជែងតំណែង សមាជិកព្រឹទ្ធសភា ប្រជែងជាមួយគណបក្សសាធារណរដ្ឋ ហើយក៏ទទួលបានជ័យជម្នះក្លាយជាតំណាងរាស្ត្រវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
នេះជាជំហានចាប់ផ្តើមនយោបាយដ៏សំខាន់របស់លោកបៃឌិនក្រោយទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋDelaware។ នៅឆ្នាំ១៩៨៨ និងឆ្នាំ២០០៨ លោកក៏បានចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីតែមិនបានជោគជ័យ ក៏បានចូលរួមជាមួយរដ្ឋាភិបាលរបស់លោកអូបាម៉ា ដោយកាន់តំណែងជាអនុប្រធានាធិបតី។
បើទោះបីមិនមានទ្រព្យសម្បត្តិច្រើនដូចអ្នករកស៊ី អចលនទ្រព្យដូណាល់ ត្រាំ ប៉ុន្តែលោកបៃឌិនក៏មានទ្រព្យសម្បត្តិដល់ទៅ៩លានដុល្លារផងដែរ ហើយប្រាក់ភាគច្រើនគឺជាប្រាក់ខែ ខិតខំធ្វើការ៥០ឆ្នាំកន្លងមក៕ដោយ៖ធី រីណា