ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹង បើកម៉ូតូបុករថយន្ត របួសធ្ងន់តែអកុសលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្ត បន្ទាប់មកបានស្លាប់នៅពេលក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។
លោកបេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃឲ្យដឹងថាអ្នកបើកបរម៉ូតូឈ្មោះ សាំង វ៉ិត ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ាពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប ១C.១៩៩៥ ។
លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុអ្នកបើកបរម៉ូតូបានធ្វើដំណើរពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿនហើយសង្ស័យបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ។ ពេលមកដល់ចំណុចកើតហេតុចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ក៏បានរេចង្កូតទៅបុករថយន្តម៉ាកKAIPRONTIERពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ២.O ១៨០២ ឆធ្វើដំណើរផ្ទុយទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ បាក់ជើងស្តាំ និងបែកក្បាល រងរបួសធ្ងន់។ ក្រោយមកបានបាត់បង់ជីវិតខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់ឈ្មោះទេ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។សពជនរងគ្រោះបានត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃក្រោយពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕ដោយ៖ វណ្ណា


ចែករំលែក៖