ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូតាមដងផ្លូវហើយមានរថយន្តបើកមកស៊ីផ្លេដាក់ធ្វើឱ្យជងរងគ្រោះចាប់ហ្វ្រ័ងម៉ូតូរអិលដីខ្សាច់ដួលចូលក្រោមកង់ក្រោយរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងក្រុមហ៊ុន OCIC ភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្វបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរមេការដាក់លូ ក្នុងក្រុមហ៊ុនOCIC ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិបារាយខាងលិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-3482 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម។ ខណៈជនរងគ្រោះបើកម៉ូតូមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដីខ្សាច់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-8814 បានធ្វើដំណើរតាមបណ្ដោយផ្លូូវបេតុងស្របទិសដៅគ្នា ស្របពេលនោះដោយសារតែជនរងគ្រោះនិងអ្នកបើករថយន្តស្គាល់គ្នាទើបបានស៊ីផ្លេរថយន្តដាក់ពីក្រោយធ្វើឱ្យជនរងគ្រោះដែលកំពុងជិះម៉ូតូចាប់ហ្វ្រ័ងបង្ខំដួលម៉ូតូចូលក្រោមកង់រថយន្តដឹកដី កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង។ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពសមត្ថកិច្ចបានធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែងតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ