ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មានករណីវិជ្ជមានវីរុសកូវីដ–១៩ថ្មីម្នាក់ និងជាសះស្បើយ២នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយខាងលើនេះ គឺលោក សួស យ៉ារ៉ា អាយុ ៤៧ ឆ្នាំ ជាសមាជិករដ្ឋសភា និងជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកាកន្លងមក។ចំណែកម្នាក់ទៀត គឺស្ត្រីជនជាតិខ្មែរអាយុ ៣១ ឆ្នាំមានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ ដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ពួកគាត់ទាំងពីរនាក់ខាងលើ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ–១៩ ចំនួន ០២ លើក និងត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី-១៩ សរុប ៣០៣ករណី ក្នុងនោះអ្នកជំងឺ២៩១បានជាសះស្បើយ។ ចំណែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត៕
ដោយ៖ស តារា