ព័ត៌មានទាន់ហេតុការណ៍៖

ឈុតប្រណីតខ្មែរ​ «ព្រះថោងតោងស្បៃនាងនាគ»នឹង ត្រូវបានលើកយកមកបង្ហាញ ពិភពលោក ក្នុងព្រឹត្តិការណ៍សម្បើមអស្ចារ្យមួយនៅប្រទេសថៃ

ចែករំលែក៖

បាងកក៖ ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណីត”ព្រះថោងនាងនាគ” នឹងត្រូវបានលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍អន្តរជាតិជាតិមួយមានឈ្មោះថា “10th Thai Silk Road to the World 2020” ដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកកព្រះរាជាណាចក្រថៃនៅចុងឆ្នាំ២០២០នេះ។ ខណៈដែលឈុតនេះក៏ទទួលបានការកោតសរសើរខ្លាំងនិងបង្ហាញពីមោទភាពសម្រាប់កម្ពុជាដែលបានឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរដ៏ចំណាស់។

អស់រយៈពេល ឆ្នាំហើយដែលគំរោងអបអរសូត្រថៃត្រូវបានរៀបចំឡើងដើម្បីជាកិត្តិយសដល់ម្ចាស់ក្សត្រីមាតាដែលមានឈ្មោះថាការប្រារព្ធពិធីសូត្រផ្លូវសូត្រថៃទៅកាន់ពិភពលោក ឆ្នាំ២០២០នេះពិធីគ្រោងរៀបចំធ្វើឡើងនៅអំឡុងដើមខែធ្នូខាងមុខផងដែរ។ យោងតាមការបញ្ជាក់លើគណនីយបណ្តាញសង្គមហ្វេសប៊ុកនៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថាកាលពីថ្ងៃ១៦ ខែវិច្ឆិកានេះថា ដើម្បីចូលរួមអនុវត្តសេដ្ឋកិច្ចការទូត​ ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ លោក អ៊ូក​សោភ័ណ​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសថៃ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ​10th Thai Silk Road to the World 2020 ដែលរៀបចំឡើងនៅវិមានរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ។នាឱកាសនោះ ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ខាងលើ ភាគីកម្ពុជាបានជម្រាបជូនអង្គប្រជុំ​ អំពីវឌ្ឍនភាពការងារ និងការចូលរួម​របស់​កម្ពុជា​តាមរយៈ​ការជ្រើសរើសឈុត​ «ព្រះថោង នាងនាគ» ដែលជាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បី​បង្ហាញជូនដល់ពិភពលោក ជាមួយបណ្តាអង្គទូត និងតារាបង្ហាញម៉ូតអាជីពប្រមាណជាង ១០០​នាក់ ដែលគ្រោងនឹងរៀបចំឡើងក្នុងដើមខែធ្នូ ឆ្នាំ២០២០ ខាង​មុខ​នៅទីក្រុងបាងកក។ គោលបំណងសំខាន់របស់កម្មវិធីនេះគឺការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃនិងប្រទេសដែលចូលរួមតាមរយៈការទូតសូត្រនេះតែម្តង

គួររំលឹកដែរថា “ឈុតព្រះថោងនាងនាគ” ត្រូវបានគេប្រើប្រាស់ក្នុងពិធីមង្គលការតាមទំនៀមទម្លាប់ខ្មែរ ដែលមានប្រវត្តិយូលង់ណាស់មកហើយដែលតំណាលអំពីបឋមក្សត្រនៃប្រវត្តិសាស្ត្រាខ្មែរមុនគ្រឹស្គស័ករាជមកម្ល៉េះ និងស្របតាមរឿងព្រេងនិទានខ្មែរអំពីព្រះនាងជាបុត្រីនៃស្តេចភុជង្គនាគ ដែលរាជាភិសេជនឹងព្រះថោងនៅលើកោះគោគធ្លកនោះ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍Thai Silk Road to the World ត្រូវបានចាប់តាំងពីឆ្នាំ ២០១០ មកមូលនិធិជំនួយទេសចរណ៍ថៃសហការជាមួយសមាជិកនៃអង្គភាពការទូតបរទេសនៅទីក្រុងបាងកកបានរៀបចំកម្មវិធីអបអរសាទរគម្រោងសូត្រដើម្បីបង្ហាញពិព័រណ៍និងរចនាសូត្របែបថៃនិងបែបបុរាណ ហើយេះគឺជាគម្រោងច្នៃប្រឌិត សម្រាប់តន្ត្រីសម័យថ្មីនិងព្រឹត្តិការណ៍សូត្រថៃ ដែលកន្លងមកមានអ្នកច្នៃម៉ូដអន្តរជាតិច្រើនជាង៤០ ប្រទេសបានមកដល់ប្រទេសថៃដើម្បីបង្កើតកម្មវធីជាមួយ អ្នកច្នៃម៉ូដនៅប្រទេសថៃកំពូល ជាច្រើនរូបអ្នករចនាមកពីប្រទេសផ្សេងៗគ្នាបានបង្កើតសម្លៀកបំពាក់ សម្រាប់ឯកអគ្គរដ្ឋទូតរៀងៗខ្លួន មិនតិចជាង ២០ នាក់នោះឡើយ ខណៈដែលកន្លងទៅសូម្បីតែកញ្ញាឯកចក្រវាលពិភពលោកក៏ធ្លាប់បានចូលរួមព្រឹត្តិការណ៍ដ៏សម្បើមនេះផងដែរ៕ ដោយ វឌ្ឍនា


ចែករំលែក៖