ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីលោកបៃឌិន បានសម្រេច ជ្រើសរើស អតីតមន្ត្រីដែលត្រូវលោកត្រាំ ដកតំណែង ឬ បង្ខំចិត្តលាលែងចេញពីតំណែងវិលត្រឡប់មកធ្វើការវិញ ក្នុងរដ្ឋាភិបាលថ្មី។
តាមសារព័ត៌មាន the Hill បានផ្សាយថា លោកបៃឌិនបានសរសើរដល់អតីតមន្ត្រីដែលបានលះបង់ជួយដល់ប្រទេសជាតិ កាន់តែរីកចំរើន តម្លាភាព សាមគ្គីភាព…។
លោកបៃឌិនបានលើកឡើងថា«ការលះបង់របស់ពួកគាត់សម្រាប់ប្រទេសជាតិគឺធំធេងណាស់ ដោយត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដើម្បីតែផលប្រយោជន៍របស់ប្រទេសជាតិ»។
នៅក្នុងរដ្ឋាភិបាលថ្មី នឹងជ្រើសរើសយក បុគ្គលិកចាស់ៗដែលមានបទពិសោធន៍ ប្រមាណ៤ពាន់នាក់ចូលរួមក្នុងរដ្ឋាភិបាល ក្នុងនោះមានមន្ត្រីធ្លាប់បម្រើការ កាលពី ៤ឆ្នាំមុន ក្នុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអូបាម៉ា។
នៅសប្តាហ៍ក្រោយលោកបៃឌិន នឹងប្រកាសបញ្ជីឈ្មោះ មន្ត្រីនិងបុគ្គលិក សម្រាប់រដ្ឋាភិបាលថ្មី ។ មកទល់ពេលនេះ លោកដូណាល់ ត្រាំ នៅមិនទាន់ប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោតនៅឡើយទេ ។ មិនតែប៉ុណ្ណោះក៏បានព្យាយាម កែប្រែលទ្ធផលបោះឆ្នោតតាមរយៈការប្តឹងផ្តល់។ ការប្តឹងរបស់លោកត្រាំ ក៏បានបរាជ័យជាបន្តបន្ទាប់ ដោយរដ្ឋជាច្រើន ច្រានចោលពាក្យបណ្តឹងរបស់ក្រុមការងារលោកត្រាំ៕ដោយ៖ធី រីណា