ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ​ពីរ​នាក់​ជា​គូ​ដណ្តឹង​នឹងគ្នាជិត​រៀបការ​​កំពុងដេក​យាម​ក្រុមហ៊ុនសុខៗត្រូវរថយន្តមកបុកបណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

ភ្នំពេញ​៖ មនុស្សប្រុស​ស្រី​ពីរ​នាក់​ជា​គូ​ដណ្តឹង​នឹងគ្នាជិត​រៀបការ​ទៅហើយត្រូវបាន​រថយន្ត​បើក​មក​បុក​ដើម​ស្វាយ​បាក់​មួយ​ដើម​រួច​ជ្រុល​ទៅបុក​ចំ​កន្លែង​ដែល​ពួកគាត់​​ដេក​យាម​នៅមុខ​សំ​យាប​ផ្ទះ​ក្រុមហ៊ុន Pass App​ ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ស្លាប់​​ និង​ស្ត្រី​ជាគូដណ្តឹងរងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ​។​

​ហេតុការណ៍នេះបាន​កើតឡើង​នៅ​វេលាម៉ោង ១១និង៣០នាទី​យប់​​ថ្ងៃ​​ទី ២១ ខែវិច្ឆិកា ​ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ ក្នុង​សង្កាត់​ទួល​សង្កែ ២ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា អ្នកដែលស្លាប់​មានឈ្មោះ សៀក ជោគជ័យ អាយុ ២០ឆ្នាំ មុខរបរ​ជា​សន្តិសុខក្រុមហ៊ុន Pass App​ មាន​ស្រុកកំណើតនៅ​ភូមិ ទន្លេ​ជ្រៃ ស្រុក​ពារាំង ខេត្តព្រៃវែង​។​
ចំណែកនារីជា​គូ​ដណ្តឹង មានឈ្មោះ សុខ គ​ន្ធា អាយុ​១៩ឆ្នាំ មានស្រុកកំណើត​នៅ​ខេត្តក្រចេះ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​ មុនពេលកើតហេតុមាន​មនុស្សប្រុស​ស្រី​ពីរ​នាក់​ត្រូវជា​គូ​ដណ្តឹង​នឹងគ្នាដែល​បម្រើ​ការងារ​ជា​សន្តិសុខ​ដេក​យាម​នៅ​សំ​យាប​មុខ​ក្រុមហ៊ុន​Pass App​ ខណៈ​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​ ស្រាប់តែ​មួយសន្ទុះ​មក​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាកតូយ៉ូតា​កាមរី​ហាយ​ប្រ៊ីដពាក់​ស្លាកលេខ ភ្នំពេញ 2AT-7334 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតទៅលិចយ៉ាង​ល្បឿន ពេលមកដល់​ផ្លូវ​កោង​មិន​បង្អង់​ល្បឿនហើយបួង​ចង្កូត​មិន​ផុត​ក៏ជ្រុលទៅបុក​ដើម​ស្វាយ​បាក់​អស់មួយ​ដើម​រួច​ជ្រុល​ទៅបុក​សន្តិសុខ​ប្រុស​ស្រី​ពី​រនាក់​ជា​គូ​ដណ្តឹង​នឹងគ្នាបណ្តាល​ឲ្យ​ស្លាប់​បុរស រីឯ​ស្ត្រី​រងរបួសធ្ងន់ត្រូវបញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។ ចំណែកអ្នកបើករថយន្ត​វិញ​ត្រូវ​សមត្ថកិច្ច​ឃាត់​​ខ្លួន។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ទំនាក់ទំនង​ទៅខាង​នគរបាលចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​​​យក​រថយន្ត​ទៅ​រក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើ​កំណត់ហេតុ​ប្រគល់​​ឲ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕ជ្រោយពេជ្រ


ចែករំលែក៖