ព័ត៌មានទាន់ហេតុការណ៍៖

ពេលសមត្ថកិច្ចចុះបង្ក្រាបអ្នកលេងល្បែងរត់គេចអស់​ បន្សល់ទុកតែ​វត្ថុ​តាង

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ យោងតាមកំណត់ហេតុ​ របស់សមត្ថកិច្ច​ឱ្យដឹងថា​ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ​ កម្លាំងសមត្ថកិច្ចបានចុះទៅ​បង្ក្រាប​ក្រុម​អ្នកញៀន​លេង​ល្បែងស៊ីសង​  (បញ្ជល់មាន់​)​ តែអ្នកលេងបានរត់គេចខ្លូន​បាត់​អស់សល់តែ​សម្ភារដែលមិនអាចស្ពាយយកទៅបាននៅកន្លែង​កេីតហេតុ​តែប៉ុណ្ណោះ​ ។ 

ការបង្ក្រាបធ្វេីនៅចំណុចខាងជើងទំនប់អូរជ្រៃខាងលិចភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកនាំដោយ​លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ សហ​ការ​ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាលា សំបូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រាំង និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។ 

លោកវរសេនីយ៍ឯក សំ ណាល់​ ឱ្យដឹងថា​ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងជើងទំនប់អូរជ្រៃខាងលិចភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានការលួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់)ភ្នាល់ដាក់លុយមក លោកបាននាំកម្លាំងចុះបង្ក្រាបដល់ទីតាំងបើកល្បែងបញ្ជល់មាន់នោះភ្លាមៗ ប៉ុន្តែដោយសារទីតាំងនោះ​ផ្លូវចូលមានការ​លំបាកធ្វើដំណើរពេលសមត្ថកិច្ចចុះទៅដល់ក្រុមពួកអ្នកលួចលេងល្បែងបញ្ជល់មាន់ទាំងនោះ​បានរត់គេចខ្លួនបាត់​អស់​ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន៖

– ម៉ូតូចំនួន១០គ្រឿង

– មាន់ជល់ចំនួន២ក្បាល

– ជញ្ជីងថ្លឹងមាន់ចំនួន១

– កន្រ្តកដាក់មាន់ចំនួន៦

ចំពោះវត្ថុតាងខាងលើយើងបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុកបាធាយ​ ដេីម្បី​ធ្វេីការ​ស្រាវជ្រាវបន្ដ​  ៕​

ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖