ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool ឡើងឈរលេខ២ ក្រោយឈ្នះ Leicester City ៣-០

ចែករំលែក៖

ក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវ Leicester City ក្នុងលទ្ធផល ៣ទល់០ ក្នុងការប្រកួតសប្តាហ៍ទី៩ ក្របខ័ណ្ឌ Premier League ធ្វើឲ្យក្រុមខ្លាំងមួយនេះបានបន្តឈរលេខ២បណ្តោះអាសន្នក្នុងលីគកំពូលមួយនេះ។

ក្រុមម្ចាស់ផ្ទះហង្សក្រហមបានគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវរហូតដល់៥៥ភាគរយ និងមានឱកាសស៊ុតបាល់បានច្រើនផងដែរ។ នៅតង់ទី១ នាទីទី២១ កីឡាករ Evans របស់ក្រុម Leicester City បានភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯង ធ្វើឲ្យក្រុម Liverpool មានឱកាសនាំមុខ១គ្រាប់ ហើយនៅនាទីទី៤១ ខ្សែបម្រើប្រយុទ្ធ Diogo Jota រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់តង់ទី១ ក្រុមម្ចាស់ផ្ទះ Liverpool នាំមុខក្រុម Leicester City ២ទល់០។

ចូលដល់តង់ទី២ ក្រុមទាំង២មានឱកាសរកគ្រាប់បាល់រៀងៗខ្លួន ប៉ុន្តែក្រុមភ្ញៀវ Leicester City នៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះបានទេ។ នៅនាទីទី៨៦ ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួត Liverpool យកឈ្នះ Leicester City ៣ទល់០។

លទ្ធផលនេះធ្វើឲ្យក្រុម Liverpool ឡើងឈរចំណាត់ថ្នាក់លេខ២មាន២០ពិន្ទុស្មើជាមួយក្រុម Tottenham Hotspur មាន២០ពិន្ទុដូចគ្នា គ្រាន់តែ Liverpool ចាញ់គ្រាប់បាល់ប៉ុណ្ណោះ។ ចំណែកក្រុម Leicester City ឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្នមាន១៨ពិន្ទុ។

សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool ត្រូវបំពេញកាតព្វកិច្ចក្នុងការប្រកួតវគ្គជម្រុះតាមពូល Champion Leagues ដោយត្រូវប៉ះជាមួយក្រុមភ្ញៀវ Atalanta នៅថ្ងៃទី២៦ ខែវិច្ឆិកា ខណៈដែលក្រុម Leicester City ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Sporting Braga ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃទី២៧ វិច្ឆិកា ខាងមុខដែរ ៕ដោយ៖ភារៈ


ចែករំលែក៖