ព័ត៌មានទាន់ហេតុការណ៍៖

មុនថ្ងៃគ្រងម្កុដ បេក្ខជនកញ្ញាឯកចក្រវាឡ៥នាក់នេះ ធ្វើឲ្យទស្សនិកជនពេញចិត្តខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះវគ្គប្រកួតបឋមនិងសម្ភាសន៍ផ្ទាល់កាលពីពេលថ្មីៗនេះកាន់តែពន្លេចឲ្យឃើញពីភាពលេចធ្លោររបស់បេក្ខជន ចំនួន៥រូបដែលទទួលបានការចាប់អារម្មណ៍ និងរំពឹងថាពួកគេអាចនឹងឈានដល់វគ្គ១០ នាក់ ឬ ៥នាក់ចុងក្រោយនៃកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ កញ្ញាឯកចក្រវាល។

ទី១-កញ្ញា រ៉េត សារីតា បេក្ខនារីពាក់ស្លាកលេខ១៨ មាន វ័យ24ឆ្នាំមានកម្ពស់កម្ពស់168cm មហាជនជាច្រើនបានថ្លែងការកោតសរសើរនិងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លាដែលបេក្ខនារី រូបនេះ។
នាងគឺជាពិធីការិនីប្រកបដោយភាពបត់បែនខ្ពស់ មានភាពច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន អាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើត ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វីលីពីន និង ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី សម្រស់ធំៗ និង បានបញ្ចប់ការសិក្សា ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ៕

ទី២-កញ្ញា ម៉ាច ដាវី អាយុ២៥ ឆ្នាំ កម្ពស់ 1.72 m បេក្ខនារីពាក់ស្លាកលេខ១០។ នាងជាបេក្ខនារីដែលបានបង្ហាញពីភាពស្វាហាប់ អមដោយរូបសម្រស់ស្រស់ប្លែកគួរឲ្យចាប់អារម្មណ៍ពិសេសលើទម្រង់មុខដ៏ទាក់ទាញ។ ក្រៅពីការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្នុងស្រុកនាងបាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រផ្នែកកញ្ញាឯកក្នុងតំបន់អាស៊ានកោតសរសើរខ្លាំង ថានាងមានរូបសម្រស់ស្រស់ស្អាតដូចគ្នានឹងកញ្ញាឯកពិភពលោកមួយចំនួនផងដែរ។ កាន់តែទាក់ទាញការចាប់អារម្មណ៍ក្រោយពីនាងធ្វើឲ្យទស្សនិកជនសរសើរអំពីការឆ្លើយសំណួររបស់នាងបានយ៉ាងល្អនោះ។
ទី៣-កញ្ញា ឌី សុរៈក្ខិតា បេក្ខនារីពាក់ស្លាកលេខ៩ ៖ នាងទទួលបានការកោតសរសើរច្រើនពីទស្សនិកជន អំពីរូបសម្រស់ស្រស់សោភា និងទម្រង់មុខទាក់ទាញខ្លាំង។ ក្រៅពីរូបសម្រស់នាងក៏មានចំណេះដឹងខ្ពង់ខ្ពស់គួរឲ្យសរសើរដោយ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ និងសេដ្ឋកិច្ច។ តាមការពិតបេក្ខនារីដែលមានទឹកដីនៃខេត្តបាត់ដំបងនេះមានអាជីពជាអ្នកសិល្បៈពិសេសផ្នែកបង្ហាញម៉ូតអស់រយៈពេលច្រើនឆ្នាំមកហើយ។ ការបង្ហាញមុខក្នុងឈុតតំណាងជាតិ ឈុតរាត្រីស្រមោលស និងឈុតប៊ីគីនីកាន់តែធ្វើឲ្យអ្នកគាំទ្រសរសើរនាងខ្លាំងមិនដាច់ពីមាត់៕

ទី៤-បេក្ខនារីពាក់ស្លាកលេខ៨ កញ្ញា ឈុន រក្សា  នាងមានអាយុ២១ឆ្នាំ នាងគឺជានិស្សិតផ្នែកវេជ្ជបណ្ឌិតទូនៅនៃសាលាពេទ្យមួយ។ នាងបានផ្លាស់ប្តូរការគិតពីដំបូងរបស់ទស្សនិកជនដែលយល់ថានាងជាបេក្ខនារីធម្មតា រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតទាក់ទាញ អមដោយការបង្ហាញសមត្ថភាពចំណេះដឹងដ៏ល្អអមដោយការតាំងចិត្តខ្ពស់ក្នុងការប្រកួត និងនាំមកនូវមោទនភាពសម្រាប់កម្ពុជាប្រសិនបើនាងអាចគ្រងម្កុដកញ្ញាឯកចក្រវាឡកម្ពុជា២០២០នេះ៕  

ទី៥-កញ្ញា លឹម សាំងលី ជាបេក្ខនារីពាក់ស្លាកលេខ៦មានវ័យ២៦ឆ្នាំ។  នាងធ្លាប់ចូលរួមក្នុងកម្មវិធីប្រកួតសម្រស់ជាច្រើនបន្តបន្ទាប់ដូចជាកម្មវិធីកញ្ញាឯកភពផែនដីកម្ពុជា ពិសេសនាងក៏ជាតារាបង្ហាញម៉ូតដែលគេចាប់អារម្មណ៍ម្នាក់ផងដែរ។ ក្នុងកម្មវិធីប្រកួតបឋម បេក្ខនារីរូបនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង នឹងឈុតតំណាងជាតិ ក្នុងកែវភ្នែកមុតមាំ និងដំណើរដ៏ស្វាហាប់នោះ។  ក្រៅពីមានភាពជឿជាក់លើសមត្ថភាពនៃការដើរម៉ូតអតីតម្ចាស់ជ័យលាភីលេខ២ ញ្ញា Miss Planet Cambodia 2019 រូបនេះ ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពឆ្លើយសំណួររបស់គណកម្មការកន្លងមកថ្មីៗនេះផងដែរ៕
ទោះជាយ៉ាងណានេះគ្រាន់តែជាការចាប់អារម្មណ៍ ទស្សនិកជនមួយចំនួនប៉ុណ្ណោះ ខណៈដែលរឿងនឹកស្មានមិនដល់អំពីម្ចាស់ម្កុដ កញ្ញាឯកចក្រវាឡកម្ពុជា២០២០អាចប្រែប្រួលនិងអាចកើតមានឡើងគ្រប់ពេល ប្រសិនបើបេក្ខនារីទាំង២០នាក់បានបង្ហាញចំណុចលេចធ្លោរពិសេសទាក់ទាញគណកម្មការ និងទស្សនិកជននៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និងPage មួយចំនួនផងដែរ៕

ដោយ ៖វឌ្ឍនា


ចែករំលែក៖