ភ្នំពេញ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទីភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស។
សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានអ្នកចូលរួមសរុបចំនួន៩៥រូប ដែលរួមមានប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី ខេត្ត ២៥រូប នាយកគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ២៣រូប ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ២៥រូប និងក្រុមការងារស្នូល គ្រូឧទ្ទេស អ្នកសម្របសម្រួល និងជំនួយការ ២២រូប។
អង្គសិក្ខាសាលាពិភាក្សាទៅលើប្រធានបទចំនួនបួន៖
១.ការរៀបចំយន្តការដំណើរការមណ្ឌលសំណេរ
២.តួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស
៣.តួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស និង
៤.បទបញ្ញត្តិ និងកម្រិតវិន័យចំពោះបុគ្គលិកអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕

ដោយ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច