ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះអតីតឃ្លាំងលក់និងជួសជុលរថយន្តដ៏ធំមួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ១០៥ ក្នុងភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីនេះគឺជាឃ្លាំងលក់ និងជួសជុលរថយន្តត្រូវបានគេទុកចោលជាយូរមកហេីយ ដោយនៅមានសម្ភារសេសសល់ចាស់ៗពុំសូវមានតម្លៃតែប៉ុណ្ណោះ។ ចំណែកប្រព័ន្ធភ្លេីងក៏នៅមានប្រេីធម្មតាផងដែរ ។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅយប់កេីតហេតុគេសង្កេតឃេីញមានផ្សែងហុយតិចតួចចេញពីក្នុងឃ្លាំង ដោយនឹកស្មានថាគេដុតសំរាម។ តែមួយសន្ទុះធំក្រោយមកក៏មានផ្សែងហុយកាន់តែខ្លាំងធ្វេីឲ្យប្រជាពលរដ្ឋចូលទៅមេីលស្រាប់តែឃេីញមានអណ្ដាតភ្លេីងឆាបឆេះឡេីងជាខ្លាំង រួចក៏ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារបង្ការ ពន្លត់អគ្គិភ័យឲ្យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗតែម្ដង ។
ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម មន្ត្រីសាលាខណ្ឌ៧មករា បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង និងកម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយមានកម្លាំងចម្រុះជាច្រេីននាក់បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ជួយបាញ់ទឹកពន្លត់អគ្គិភ័យខាងលេីនេះឲ្យរលត់ទៅវិញជាស្ថាពរត្រឹមតែរយៈពេលកន្លះម៉ោង និងប្រេីប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ។
ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកេីតឡេីងគឺសមត្ថកិច្ចសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គិសនី ព្រោះប្រព័ន្ធភ្លេីងមានភាពច្របួកច្របល់ជាមួយនិងសម្ភារចាស់ៗងាយឆ្លងឲ្យឆេះ ។ នៅក្នុងករណីនេះមិនបានឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋរស់នៅជិតខាងនោះទេ និងមិនបង្កឲ្យនរណាម្នាក់រងរបួសនោះដែរ ៕ ដោយ៖ ភារ៉ា ដង្កោ