ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមលើកផែនការអភិវឌ្ឍន៍ស្ថានីយបូមទឹកបឹងទំពុនបន្ថែមទៀត ដើម្បីបញ្ជៀសការលិចលង់ដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកផែនការអភិវឌ្ឍន៍ស្ថានីយបូមទឹកបឹងទំពុនបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ ។
រដ្ឋបាលរាជធានីភ្នំពេញបានដាក់ផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីទំហំ១ម៉ែត្រកន្លះ១គ្រឿង និងទំហំ១ម៉ែត្រ២តឹកចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹកឱ្យកាន់តែធំ និងជីកបុកស៊ីផាយអមសងខាងប្រឡាយនៅស្ថានីយបូមទឹកបឹងទំពុនដើម្បីពន្លឿនការបូមទឹកឱ្យបានលឿន បញ្ចៀសនូវការលិចលង់ដោយជំនន់ទឹកទឹកភ្លៀងនៅឆ្នាំក្រោយៗទៀត ។
ការសម្រេចលើកផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីរួមទាំងការស្តារប្រឡាយនៅស្ថានីយបូមទឹកបឹងទំពុននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុននៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ បន្ទាប់ពីឆ្នាំនេះស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងរួមទាំងសមត្ថភាពបូមទឹកនៅមានកម្រិតបានធ្វើឱ្យតំបន់មួយចំនួនរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ដែលបង្កការរំខានដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ស្ថានីយបូមទឹកបឹងទំពុននេះបានទទួលទឹកពីផ្ទៃរងទឹកភ្លៀងជាច្រើន ដូចជាហូរពី បឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលគោក តំបន់លូប្រាំ ស្ទឹងមានជ័យ និងមួយផ្នែកទៀតនៃខណ្ឌពោធិ៍សែនជ័យ ដូច្នេះទាមទារឱ្យមានការអភិវឌ្ឍឡើងវិញដើម្បីមានសមត្ថភាពរំដោះទឹកបានលឿន។
លោកបានបញ្ជាក់ថា អាជ្ញាធរនឹងចាប់ផ្តើមអភិវឌ្ឍន៍ស្ថានីយបូមទឹកនេះចាប់ពីដើមរដូវប្រាំងនេះតទៅដើម្បីធ្វើយ៉ាងណាកុំមានការជន់លិចដោយជំនន់ទឹកភ្លៀងនៅឆ្នាំ២០២១ខាងមុខតទៀត។ លោកបានបញ្ជាក់ពីគោលបំណងថា ថ្ងៃនេះដែលយើងបានរៀបចំកិច្ចប្រជុំជាមួយមន្ដ្រីជំនាញ គឺដើម្បីធ្វើកិច្ចការងារ យើងបន្ថែមទៀត ទី១-ត្រូវសិក្សាបន្ថែមពីស្ថានីយបូមទី២ត្រូវរៀបចំបុកស៊ីផាយ ស្តារអាងស្តុកទឹកឡើងវិញ។ នេះជាចំណុចសំខាន់ធ្វើយ៉ាងណាឱ្យទឹកទៅដល់ ហើយមានទឹកបូមនៅស្ថានីយមានសមត្ថភាពបូមទឹកនេះទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យលិច ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ថានភាពម៉ាស៊ីនបូមទឹកបឹងទំពុនបច្ចុប្បន្ន ដំណើរការបាន៦គ្រឿង ដែល៤គ្រឿងជាម៉ាស៊ីនចាស់អាចបូមបាន១០ម៉ែត្រគូបក្នុងមួយវិនាទី និងម៉ាស៊ីនថ្មីចំនួន២គ្រឿង
អាចបូមបានចំនួន៥ម៉ែត្រគូបក្នុងមួយវិនាទី ដែលសរុបទាំងអស់១៥ម៉ែត្រគូបក្នុងមួយវិនាទី ដូចនេះមិនបំពេញតាមសេចក្តីត្រូវការបានឡើយ ។ លោកបានបន្តថា តាមការសិក្សាបានឱ្យដឹងថាផ្ទៃរងទឹកភ្លៀងដែលហូរទៅស្ថានីយបឹងទំពុនមានទំហំ៣.០៣២ហិកតា ប្រសិនបើទឹកភ្លៀង៣០មិល្លីម៉ែត្រក្នុងមួយម៉ោង នោះចំនួនទឹកភ្លៀងនឹងកើនឡើង ជាង៩សែន៩ពាន់ម៉ែត្រគូប ភ្លៀង៤០មិល្លីម៉ែត្រក្នុងមួយម៉ោង បរិមាណទឹកជាង១លាន២សែន និងប្រសិនបើភ្លៀងខ្លាំង៦០មិល្លិីម៉ែត្រក្នុងមួយម៉ោងនោះ បរិមាណទឹកនឹងជាង១លាន៨សែ ម៉ែត្រគូប ដូច្នេះបរិមាណនេះមិនទាន់ឆ្លើយតបនឹងម៉ាស៊ីនបូមទឹកនោះទេ ។ លោកបានបន្តថា ដើម្បីដោះបញ្ហាជំនន់ទឹកភ្លៀងនៅតំបន់ស្ថានីយបូមទឹកបឹងទំពុននេះ គឺត្រូវអនុវត្តវិធានការចំនួន៦ចំណុច ។ យើងមានវិធានការចំនួន៦ដើម្បីដោះស្រាយបញ្ហាទឹកនេះ ទី១-បង្កើនសមត្ថភាពបូមទឹកពី១៥ម៉ែត្រគូបទៅ២៧ម៉ែត្រគូប ទី២-ជីកស្តារអាងស្តុកទឹកបឹងតូចទំហំ១២ហិកតាឱ្យបានជ្រៅ និងបុកស៊ីផាយការពារ ទី៣-ជីកស្តារភក់សំរាមឱ្យបានជាប្រចាំ ទី៤-ជួសជុលស្ពាននៅអមសងសាងប្រឡាយ ទី៥-បង្កើនសមត្ថភាពបូមទឹកនៅស្ថានីយឡូប្រាំពី៨ម៉ែត្រគូប ទៅ២០ម៉ែត្រគូប និងទី៦-ត្រូវបំពាក់ ម៉ាស៊ីនភ្លើងដែលមានកម្លំាង៣ពាន់កាវ៉េហា ដើម្បីការពារនៅពេលដាច់ចរន្តអគ្គិសនី។
សូមបញ្ជាក់ថា តាមផែនការអភិវឌ្ឍន៍ស្ថានីយបូមទឹកបឹងទំពុននេះ គ្រោងប្រើប្រាស់រយៈពេល៩ខែ ដោយចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២០នេះតទៅ៕ដោយ៖សំរិត


ចែករំលែក៖