ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលនិងគយបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចេញពីកម្ពុជា ទៅញូវហ៊្សេលែននិងអូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើប្រៃសណីយ៍ជិត៣គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ ដោយការយកចិត្តទុកដាក់ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនដូចភ្លៀងរលឹមតាមបទបញ្ជារបស់ថ្នាក់ដឹកនាំកាលពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) សហការជាមួយសមត្ថកិច្ចគយប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ ស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែនចេញពីកម្ពុជាទៅញូវហ៊្សេលែននិងអូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ចំនួន ៣លើកជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនសរុប២.៥៤៩,៧៧ក្រាម រួមមានដូចខាងក្រោម៖
លើកទី១- នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញ( Cargo )នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥,៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់។
លើកទី២-នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនិញ( Cargo )នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់១.២៩៥,៦៧ក្រាមដែលលាក់បង្កប់ក្នុងព្រះពុទ្ធរូបឈើ ២អង្គ។
លើកទី៣- នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់៖
១- ឈ្មោះ លឿង សៀងហៃ ភេទប្រុស) កើតនៅឆ្នាំ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)។
២-ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើត នៅឆ្នាំ១៩៩៥ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន) ។
ចាប់យកវត្ថុតាង : គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់១.០៤៨, ៤៨ក្រាម លាក់បង្កប់ក្នុងរូបពុទ្ធបដិមា៤ អង្គ, ព្រះកេស១, ព្រហ្ម២, រូបព្រះបាទជ័យវរ្ម័ន១។

លុះមកដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ យើងបន្តការស្រាវជ្រាវ ហើយកំណត់បានមុខសញ្ញាមេខ្លោង១នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើតនៅឆ្នាំ១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់លេខ២០៥ អាផាតមិនវិមានឯករាជ្យ ផ្លូវលេខ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២០,២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើរូបដំរី២រូប និងដំបងឈើ២កំណាត់ ៣គូ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖