ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងផ្លូវទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដោយកាណូតបុកគ្នា និងបុរស១នាក់ផ្សេងទៀតបានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផងដែរ រវាងអ្នកជិះម៉ូតូ និងរថយន្ត ។

មន្រ្តីនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលក.ស ក្រុង.ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូ បណ្ដាលឲ្យភាគីអ្នកជិះម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ដោយឡែកមន្រ្តី នគរបាលស្រុកក្រគរឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង២០នាទី យប់ថ្ងៃទី៣០ ខែឆ្នាំដដែលនេះដែរ នៅចំណុចប្រឡាយផ្លូវទឹកម្ដុំអង់តែនទូរស័ព្ទ០៩៧ ស្ថិតនៅភូមិទី-១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកផងដែរ រវាងកាណូត និងកាណូត បណ្ដាលឲ្យស្រ្តី១នាក់ធ្លាក់ទឹកស្លាប់ភ្លាមៗ ។ ស្រ្តីរងគ្រោះមានទីលំនៅភូមិ.ឃុំកើតហេតុ ឯភាគីកាណូតបង្កបើកគេចបាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុក.ក្រុងខាងលើបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍២លើកផ្សេងគ្នា ផ្លូវគោក និងផ្លូវទឹកបណ្ដាលឲ្យមនុស្សរងរបួស១នាក់ និងស្លាប់១នាក់នេះ សមត្ថកិច្ចនគរបាលកំពុងមមាញឹកស្រាវជ្រាវដើម្បីបន្តនីតិវិធី ៕

ដោយ៖បុឹម ពិន


ចែករំលែក៖