ព័ត៌មានទាន់ហេតុការណ៍៖

ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​លើ​វត្ថុ​សំណាក​របស់​អ្នក​សង្ស័យ​ជិត​៣០០​នាក់​នៅ​ខេត្តបន្ទាយមានជ័យ​ លទ្ធផលបង្ហាញ​ថា​ អ​វិ​ជ្ជ​មានទាំងអស់​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ យោងតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថាលទ្ធផលនៃការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា​លើ​វត្ថុ​សំណាក​រក​វីរុស​ COVID-19​ លើក​ទី​០១​ ដែល​ធ្វើ​លើ​អ្នក​ស​ង្ស័យជិត៣០០នាក់នៅខេត្តបន្ទាយមានជ័យ គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​ ។​

​លោក​វេជ្ជបណ្ឌិត​ ឡេ​ ច័ន្ទ​សង្វាត​ ប្រធាន​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បន្ទាយ​មា​ជ័យ​ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​នេះ​ថា​ ករណី​អ្នក​សង្ស័យ​មាន​ចំនួន​ ២៩៣​នាក់​/​ ស្រី​៩៧​នាក់​ ដែល​ក្រុម​ឆ្លើយ​តប​ បន្ទាន់​ (RRT)​ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​យក​វត្ថុ​សំណាក​រក​វីរុស​កូ​វី​ដ​-១៩​ សម្រាប់ថ្ងៃ​ទី​០១​នៅ​មហាសាល​ប្រជុំ​នៃ​សាលា​ខេត្តបន្ទាយមានជ័យ​ គឺ​កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ដើម្បី​បញ្ជូន​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នោះ​ លទ្ធផល​មក​វិញ​គឺ​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​ ហើយ​នៅ​ថ្ងៃ​ទី​០២​ គឺ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ធ្វើ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ ក្រុមការងារ​កំពុង​បន្ត​ស្រាវជ្រាវ​ រក​អ្នក​ពាក់​ព័​ន្ធផ្ទាល់​ ផ្សេង​ទៀត​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ទាំងអស់​គ្នា​ ។​ ពោល​គឺ​មណ្ឌល​សុខភាព​យក​វត្ថុ​សំណាក​នៅ​មហាសាល​ប្រជុំ​នៃ​សាលា​ខេត្តបន្ទាយមានជ័យ​ធ្វើ​តែ​១​ថ្ងៃ​គឺ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​នោះ​ បាន​បិទ​ហើយ​ ។​
ជាមួយ​គ្នា​នោះ​ដែរ​ មន្ទីរ​សុខាភិបាល​ខេត្ត​ សូម​សំណូមពរ​ និង​ អំពាវនាវ​ឲ្យ​មន្ត្រី​ កងកម្លាំង​ ប្រជាពលរដ្ឋ​របស់​ទាំងឡាយ​ ត្រូវ​អនុវត្តន៍​តាម​វិធានការ​សុខាភិបាល​ ក្នុង​ការ​ថែរក្សា​ អនាម័យ​ លាង​សំអាត​ដៃ​ឲ្យ​បាន​ស្អាត ជា​ប្រចាំ​ដោយ​សាប៊ូ​ ឬ​អាល់កុល​ ពាក់​ម៉ាស់​ ឲ្យ​បាន​ត្រឹមត្រូវ​ គ្រប់ពេលវេលា​ នៃ​ ការ​ធ្វើ​ដំណើរ​ ចេញ​ទៅ​ក្រៅ​ផ្ទះ​ ទី​សាធារណៈ​ ហើយ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ និង​គម្លាត​សុ​វត្ថិភាព​សង្គម​ជាដើម​ ។​ ចំពោះ​ អ្នក​ដែល​ពាក់ព័ន្ធ​ ឬ​ មាន​រោគ​សញ្ញា​សង្ស័យ​ផ្សេង​ទៀត​ សូម​អញ្ជើញ​ទាក់ទង​ទូរ​ស័ព្ទ​115​ ឬ​ មក​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ ក្រុម​គ្រូពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បងប្អូន​ ។​

​សូម​រំលឹក​ថា​ តាំងពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ​១​ ឆែម​ សា​វុ​ធ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ (​ដែល​ភរិយា​លោក​បាន​ឆ្លង​កូ​វី​ដ​-១៩​ )​ បាន​រួម​ដំណើរ​ជាមួយ​អគ្គនាយករង​ កងកម្លាំង​ទៅ​ត្រួតពិនិត្យ​ប្រតិបត្តិការ​ទទួល​ការ​វិល​ត្រឡប់​នៃ​អ្នក​ជាប់​ឃុំ​ជាង​១.៦០០​នាក់​ ក្រោយ​ពេល​ទឹកជំនន់​លិច​ពន្ធនាគារ​បន្ទាយ​មាន​ជ័យ​ ។​ នៅ​ពេល​នោះ​អ្នក​ប៉ះពាល់​ជាមួយ​លោកអគ្គនាយក គឺ​មាន​លោក​ព្រះរាជអាជ្ញា​ លោក​ព្រះរាជអាជ្ញា​រង​ លោក​ប្រធាន​តុលាការ​ មេបញ្ជាការ​ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត​ហត្ថ​ លោកស្នងការ​ លោកស្នងការ​រង​ លោក​ឧត្តម​អគ្គានុរក្ស​ជា​ប្រធាន​ អនុប្រធាន​ពន្ធនាគារ​.​មន្ត្រី​ពន្ធនាគារ​នុ​រក្ស​ខេត្ត​ និង​កងកម្លាំង​ រាប់រយ​នាក់​ និង​អ្នក​ជាប់​ឃុំ​ខ្លះ​ ។​ បន្ទាប់​ពី​នោះ​ ហើយ​បន្តបន្ទាប់​ឬ​ច្រើន​ថ្ងៃ​ មន្ត្រី​ទាំងនោះ​ ក៏​ទទួល​ការ​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ មន្ត្រី​កងកម្លាំង​ អ្នក​ពាក់ព័ន្ធ​រាប់រយ​ពាន់​នាក់​ទៀត​ ។​ ហេតុនេះ​ អ្នក​សង្ស័យ​ត្រូវ​តែ​យក​វត្ថុ​សំណាក​យក​ទៅ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​ ៕ដោយ៖ប្រាថ្នា


ចែករំលែក៖