ព័ត៌មានទាន់ហេតុការណ៍៖

រុឺម៉កម៉ូតូដឹកត្រីបុកគូទរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើករុឺម៉កម៉ូតូដឹកត្រីហើយជ្រុលទៅបុកពីក្រោយរថយន្តដឹកស្រូវដែលខូចឈប់ចតលើផ្លូវយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រលឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៍។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនដែលស្លាប់មានឈ្មោះហាំ ពេជ្រ អាយុ១៦ឆ្នាំ នៅភូមិស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍។

ចំណែកអ្នកបើករថយន្តដឹកស្រូវមាន ឈ្មោះ អ៊ុយ សារ៉ាយ ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិព្រៃព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងក្រោយពីឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗបន្សល់តែរថយន្តម៉ាក់ហ៉ីយ៉ាន់ដាយក្បាលពណ៌ខៀវពាក់ស្លាកលេខ កំពងចាម ៣A-០៤៧០  នៅនឹងកន្លែងកើតហេតុ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ទៀតថាមុនពេលកើតហេតុ យុវជនខាងលើនេះបានបើករុឺម៉កម៉ូតូដឹកត្រីក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើក៏បានបុកពីក្រោយរថយន្តដឹកស្រូវម៉ាក់ហ៉ីយ៉ាន់ដាយក្បាលពណ៌ខៀវ ពាក់ស្លាកលេខកំពងចាម ៣A -០៤៧០ ដែលខូចឈប់ចតលើដងផ្លូវ បណ្តាលឱ្យស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្ត៏រដ្ឋបាលថ្មី ចំណែកឯសពប្រគល់ឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ។

សមត្ថកិច្ចនគរបាលចរាចរណ៍បញ្ជាក់បន្ថែមទៀតថា មូលហេតុដោយសារតែរថយន្តឈប់មិនមានដាក់សញ្ញាសំគាល់ ទើបបង្កអោយមានករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងបែបនេះ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖