ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដល់បងប្អូនប្រជាពលរដ្ឋនៅផ្សារកំពង់ត្រាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុករមាសហែកបានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដល់បងប្អូនប្រជាពលរដ្ឋនៅផ្សារកំពង់ត្រាច ក្រោមការដឹកនាំរបស់
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។
ក្នុងការចុះផ្សព្វផ្សាយនេះមានការចូលរួមពីសំណាក់អស់លោកលោកស្រីជាអភិបាលរង នាយក នាយករង លោកអធិការ នាយការិយាល័យទាំង១៣នៃ រដ្ឋបាលស្រុក ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា យុវជនស.ស.យ.កស្រុករមាសហែកប្រជាពលរដ្ឋដែលជាអ្នកស្ម័គ្រចិត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឱ្យដឹងថា អាជ្ញាធរស្រុកបានចេញធ្វើសកម្មភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ដើម្បីរួមគ្នាថែរក្សាអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសសារអំពាវនាវរបស់សម្តេចតេជោ ដើម្បីបង្ការកុំឲ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

លោកបានផ្តាំផ្ញើដល់ពលរដ្ឋត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ចំពោះបងប្អូន ដែលចូលមកបំពេញការងារបែបបទឯកសារផ្សេងៗក្នុងស្រុករមាសហែកត្រូវរក្សាអនាម័យ មានគម្លាតចន្លោះ១ម៉ែត្រកន្លះលាងដៃនិឹងសាប៊ូ ជែល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀត។

លោកបានបន្ថែមថា មេរោគដ៏កាចសាហាវនេះនៅតែបន្តវាយលុកយ៉ាងខ្លាំង លើពិភពលោកធ្វើមនុស្សជាតិកើតជំងឺនេះស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយទេ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមបង្ការទប់ស្កាត់មេរោគ Covid-19 នេះឲ្យបានគ្រប់គ្នាផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះដែររដ្ឋបាលស្រុកបានចំណាយមានដូចជាចែកម៉ាស់៨០០ម៉ាស់ អាល់កុលនិងជែលសម្រាប់លាងដៃចំនួន១៦០ដប ផូស្ទ័រចំនួន២៥៥ផ្ទាំងនិងសៀវភៅណែនាំ អនាម័យប្រយុទ្ធប្រឆាំងកូវីដ-១៩ ចំនួន១៨៥ក្បាល៕

ដោយ៖ យឹម សុថាន


ចែករំលែក៖