អន្តរជាតិ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន នៅថ្ងៃទី៧ ធ្នូ បានលើកឡើងថា អនាគតនៃទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិនអាស្រ័យទៅលើអាមេរិកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះប្រមុខការបរទេសចិនរូបនេះ ក៏បានអំពាវនាវឲ្យប្រទេសទាំងពីរបន្តកិច្ចពិភាក្សាគ្នាឡើងវិញនៅគ្រប់កម្រិតទាំងអស់។
លោក វ៉ាង យី ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចិន-អាមេរិក បានអះអាងថា អាទិភាពចម្បងសម្រាប់ចិន និងអាមេរិក គឺការលុបបំបាត់ចោលឧបសគ្គនិងការរំខានទាំងឡាយក្នុងការឈានទៅដល់ភាពរលូននៃទំនាក់ទំនងប្រទេសទាំងពីរ។
បើតាមការផ្សាយរបស់ទូរទស្សន៍ CGTN បាននិយាយថា ប្រមុខការបរទេសចិនរូបនេះ បន្ថែមថា ប្រទេសទាំងពីរ គួរតែធ្វើការរួមគ្នាក្នុងគោលដៅបម្រើប្រយោជន៍រួមរបស់ប្រទេស និងប្រជាជន ដើម្បីឲ្យប្រទេសទាំងពីរអាចចាប់ផ្តើមកិច្ចពិភាក្សាជាថ្មី កសាងជំនឿទុកចិត្ត និងស្តារទំនាក់ទំនងមកកាន់សភាពដើមវិញ។
លោកអះអាងថា បញ្ហាធ្ងន់ធ្ងរដែលប្រទេសទាំងពីរជួបប្រទះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាអ្វីដែលចិនមិនចង់ឃើញឡើយ។ លោក វ៉ាង បន្តថា រឿងមិនល្អទាំងអស់នេះក៏ជាអ្វីដែលវិស័យនានានៅអាមេរិក ជាពិសេសវិស័យធុរកិច្ច មិនចង់ឃើញដូចគ្នា ហើយក្នុងនាមជាមហាអំណាចចិន និងអាមេរិកគួរណាស់តែពង្រឹងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការដើម្បីចូលរួមចំណែកក្នុងសន្តិភាព និងភាពប្រសើរឡើងនៃមនុស្សជាតិ។
លោក វ៉ាង ថ្លែងទៅកាន់ធុរជនអាមេរិកក្នុងជំនួបអនឡាញនៅថ្ងៃទី៧ ខែធ្នូយ៉ាងដូច្នេះថា៖ «អាមេរិកគួរកែប្រែការយល់ដឹងជាយុទ្ធសាស្ត្ររបស់ខ្លួនដែលជាដើមចមនៃបញ្ហារហូតមកដល់ពេលបច្ចុប្បន្ននេះ»។ ក្នុងន័យនេះលោកវ៉ាងសំដៅទៅលើមនុស្សមួយក្រុមនៅអាមេរិកដែលនៅបន្តប្រើប្រាស់មនោគមវិជ្ជា និងគំនិតបែបសង្គ្រាមត្រជាក់ ក្នុងការប្រាស្រ័យទាក់ទងជាមួយចិន និងដែលជាហេតុដែលនាំឲ្យចាត់ទុកចិនជាសត្រូវ។
ទៅលើការបញ្ហាសកលដូចជាវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចវិញ រដ្ឋមន្ត្រីការបរទេសចិនរូបនេះ អះអាងថាប្រទេសទាំងពីរ ត្រូវជួយគ្នាទៅវិញទៅមក និងទទួលខុសត្រូវ ព្រោះចិន និងអាមេរិកស្ថិតក្នុងពិភពលោកដែលប្រឈមនឹងបញ្ហាដូចគ្នា។
ជាមួយគ្នានេះ លោក វ៉ាង ក៏សង្កត់ធ្ងន់ថា ចិនមិនលូកលាន់ក្នុងការប្រឈមផ្នែកមនោគមវិជ្ជាឡើយ ហើយអាមេរិកគួរគោរពតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដោយមិនជ្រៀតជ្រែក្នុងកិច្ចការផ្ទៃក្នុងចិនដូចគ្នា ក៏ដូចជារារាំងសិទ្ធិរបស់ប្រជាជនចិនក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ពួកគេ។
សូមរម្លឹកដែរថា ចាប់តាំងពីឆ្នាំ២០១៨មកប្រទេសទាំង២បានធ្វើសង្គ្រាមពាណិជ្ជកម្មនឹងគ្នា ដោយតម្លើងពន្ធលើទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ចំពោះរឿងនេះលោកវ៉ាង កត់សម្គាល់ថាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាចំណុចគន្លឹះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកក៏សង្ឃឹមផងដែថាក្រុមពាណិជ្ជករអាមេរិក និងចិន នឹងដើរតួនាទីក្នុងការលើកកម្ពស់ទំនាក់ទំនងឲ្យបានប្រសើរឡើង៕ដោយ៖ស តារា