ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម៖ សម្តេចប្រធានរដ្ខសភា ជម្រាបដល់បងប្អូនជនរួមជាតិថា សម្តេចបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី​ចាក់​ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាជាតិថ្លែងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ខ្ញុំបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី​ចាក់​ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្ត​ទុក​ដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួប​វិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវ​វិធានការយ៉ាងម៉ឹង​មាត់​និងគ្រប់ជ្រុង​ជ្រោយ ​ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្ត ដល់សមាជិក សមាជិ​កា​រដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្ម​មនុស្សធម៌​ដ៏ឧត្តុង្គ​ឧត្តម​នេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារសុខភាពប្រជាពលរដ្ឋយើង។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២និងលើកទី៣ តាមការកំណត់របស់ក្រសួងសុខាភិបាល​ឲ្យ​ហ្មត់ចត់ ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់សង្គម​ជាតិយើង។

ខ្ញុំក៏សូមអំពាវានាវដល់ជនរួមទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារ ទាំង​ឡាយ​ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរជៀសវាង​ការ​ជួប​ជុំគ្នា​ដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃ​ជា​ប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់។

នៅថ្ងៃនេះ ខ្ញុំនិងសមាជិកគ្រួសារ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២​ផង​ដែរ។ សុខភាពយើងខ្ញុំទាំងអស់មានលក្ខណៈល្អប្រសើរជាធម្មតា ហើយខ្ញុំនិងក្រុមគ្រួសារ នឹងបន្តធ្វើ​ចត្តាឡីស័កក្នុងផ្ទះ រហូតគ្រប់១៤ថ្ងៃ។

ខ្ញុំសូមជូនពរជនរួមជាតិ ទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ ដ៏សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕

ដោយ៖ សិលា


ចែករំលែក៖