គិតមកដល់ម៉ោង៧និង៣០នាទី តាមគេហទំព័រ Worldometer នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុបដល់ទៅជាង៦៨លាននាក់ និងស្លាប់ជាង១,៥៥លាននាក់។ ពលរដ្ឋនៅលើពិភពលោក ទន្ទឹងរង់ចាំវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រើប្រាស់ជាផ្លូវការ ហើយពេលនេះបានប្រើប្រាស់ហើយក្នុងប្រទេសមួយចំនួន។ តើបុគ្គលរូបណាជាមនុស្សទីមួយបានចាក់វ៉ាក់សាំងកូវីដ-១៩ ? អ្នកដែលទទួលបានវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោកគឺលោកយាយ Margaret Keenan អាយុ៩០ឆ្នាំ ជនជាតិអង់គ្លេស ទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់ នៅថ្ងៃទី៨ ខែធ្នូ ក្លាយជាមនុស្សទីមួយដែលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។ នៅថ្ងៃនេះអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំង ដល់ពលរដ្ឋ ហើយមនុស្សចាស់ទទួលបានអាទិភាពចាក់វ៉ាក់សាំងមុនគេបង្អស់។
មុនពេលលោកយាយ Margaret Keenan ចាក់វ៉ាក់សាំងកូវីដ-១៩ ក៏មានមនុស្សរាប់សិបពាន់នាក់បានចាក់មុនរួចហើយ ប៉ុន្តែនៅក្នុងការសាកល្បង។ លុះមកដល់ព្រឹកថ្ងៃទី៨ខែធ្នូ(ពេលវេលានៅអង់គ្លេស) ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងជាផ្លូវការ ហើយលោកយាយ Margaret Keenan ជាអ្នកចាក់ដំបូងគេបង្អស់នៅក្នុងមន្ទីរពេទ្យ Coventry។
កាលពីសប្តាហ៍កន្លងមក អង់គ្លេស ក្លាយជាប្រទេសលោកខាងលិចដំបូងគេបង្អស់ដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាផ្លូវការ ផលិតដោយក្រុមហ៊ុន Pfizer របស់អាមេរិកសហការជាមួយក្រុមហ៊ុនឱសថ BioNTech របស់អាល្លឺម៉ង់។
ក្រៅពីអង់គ្លេស និងរុស្ស៊ី នៅមានប្រទេសជាច្រើនទៀតត្រៀមនឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅចុងឆ្នាំ២០២០នេះដែរ ដោយសង្ឃឹមថា ឆ្នាំ២០២១ស្ថានភាពកូវីដ-១៩ នៅលើពិភពលោកត្រូវបញ្ចប់ ផ្តល់ជីវភាពរស់នៅធម្មតាវិញដល់ពលរដ្ឋ៕
ដោយ៖ធី រីណា