ខេត្តកំពង់ឆ្នាំង ៖ កូនប្រុសវ័យជំទង់ម្នាក់បានសម្រេចចិត្តទៅសម្លាប់ខ្លួនដោយចងកខ្លួនឯងចោលម្តាយ និងក្រុមគ្រួសារ ទៅនឹងដើមឈើ ក្រោយពីម្តាយស្តីបន្ទោស ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្ដុកគ្រាល ស្ថិតនៅក្នុងភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ ម៉ន នាង អាយុ ២០ឆ្នាំ រស់នៅភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរូបនេះត្រូវម្តាយស្តីបន្ទោស និង ណែនាំឲ្យយកចិត្តទុកដាក់ជួយកិច្ចការងារក្រុមគ្រួសារ ហើយម្តាយបាននិយាយថា ប្រសិនបើមិនស្តាប់ម្តាយឪពុកទេ ចេញពីផ្ទះទៅ ។ ដោយខឹងនឹងម្តាយឪពុកស្តីបន្ទោសបែបនេះ យុវជនរូបនេះបានដើរចេញពីផ្ទះបាត់ មិនឃើញត្រឡប់មកវិញ លុះវេលាកើតហេតុ ទើបគេប្រទះឃើញសពយុវជននេះបាន ចងកសម្លាប់ខ្លួនទៅនឹងដើមឈើស្លាប់បាត់ទៅហើយ ។ក្រោយពីឃើញបែបនេះ ក៍បានរាការណ៍ទៅសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចចុះពិនិត្យមើលបានធ្វើការសន្និដ្ឋានថា ករណីពិតស្លាប់ដោយចងកខ្លួនឯង និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា