ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ភ្លែត ធ្វើការបានភ្លាម អោយតែប្រជាពលរដ្ឋផ្តល់ព័ត៌មានពិតជូន ផេកស្នងការខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបនិងអន្តរាគមន៍ភ្លាមៗជូនគណនីហ្វេសបុកឈ្មោះ ស៊ី ថេន ដែលរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី មានខ្លឹមសារថា «ដំណឹងសួររកសាច់ញាតិ​កុង​វង្សបូ អាយុ88ឆ្នាំស្រុកកំណើតភូមិរការក្អែលឃុំសំរោងធំ ស្រុកកៀនស្វាយ បានធ្វើដំណើរពីកៀនស្វាយមកលេងចៅនៅភ្នំពេញ(វត្តពោធិញាណ) ឥឡូវវង្វេងរកចៅមិនឃើញ​(ចៅឈ្មោះខួច​)​​នាងខ្ញុំបានជួយរកគាត់ហើយប៉ុន្ដែនៅរកពុំឃើញ នាងខ្ញុំឌុបគាត់យកទៅផ្ទះរបស់នាងខ្ញុំនៅបុរីសន្ដិភាព បើបងប្អូនឬសាច់ញាតិបានឃើញសូមទំនាក់ទំងមកលេខ081704881​(បើស្អែកនៅតែរកសាច់ញាតិមិនឃើញនាងខ្ញុំនិងជូនគាត់ទៅស្រុកកៀនស្វាយរកផ្ទះរបស់គាត់តែម្ដង) ខ្ញុំសូមជំរាបបងថាឥឡូវខ្ញុំសូមយកគាត់ទៅផ្ទះខ្ញុំនៅបុរីសន្ដិភាព2សិនហើយ» ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកកៀនស្វាយ បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ចុះស្រាវជ្រាវរកអាសយដ្ឋ្ឋាន និងសាច់ញាតិ លោកតា វង្ស បូ អាយុ៨៨ឆ្នាំ នៅភូមិសំរោងក្អែល ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាលទ្ធផល ៖
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានបញ្ជាក់ឱ្យដឹងថា លោកតា វង្ស បូ អាយុ៨៨ឆ្នាំ គាត់បានទៅរស់នៅខេត្តពោធិសាត់ បានមកលេងកូននៅភូមិសំរោងក្អែរ ឃុំសំរោងធំ ប៉ុន្តែគាត់មិនបានចូលផ្ទះកូននោះទេ ហើយគាត់ក៏បានត្រឡប់មកវិញទៅលេងចៅគាត់ធ្វើការរោងចក្រនៅផ្តុំទួលពង្រ រាជធានីភ្នំពេញ ។ ពេលទៅដល់ម្តុំទួលពង្រគាត់រកផ្ទះជួលចៅមិនឃើញក៏ចេះតែដើរៗរហូតមកដល់ជិតវត្តពោធិញាណ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានជួបម្ចាស់គណនីហ្វេសបុកឈ្មោះ ស៊ី ថេន ភេទស្រី មានចិត្តធម៌ដឹកលោកតាតាមម៉ូតូជិះរកចៅគាត់តែរកមិនឃើញ ហើយម្ចាស់គណនីខាងលើបាននាំលោកតាទៅផ្ទះគាត់នៅបុរីសន្តិភាព២ សិនរង់ចាំសាច់ញាតិមកយក។
រហូតដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃដដែលសាច់ញាតិបានទូរសព្ទមកចៅស្រីលោកតាឈ្មោះ ស្រីខួច ឱ្យទំនាក់ទំនងមកយកលោកតាពីម្ចាស់គណនីហ្វេសបុកឈ្មោះ ស៊ី ថេន នៅបុរីសន្តិភាព២ វិញ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមថ្លែងអំណរគុណដល់ម្ចាស់គណនីហ្វេសបុកឈ្មោះ ស៊ី ថេន ដែលមានចិត្តធម៌ជួយយកអាសារលោកតា ជួយទំនាក់ទំនងមកសមត្ថកិច្ចខេត្តកណ្តាល រហូតចៅស្រីមកទទួលលោកតាត្រឡប់ទៅវិញ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

ដោយ៖ សិលា


ចែករំលែក៖