អន្តរជាតិ៖ វាជារឿងចម្លែកមួយ ខណៈដែលស្ត្រីអាមេរិកឈ្មោះ Xep Campbell វ័យ៤៥ឆ្នាំ នឹកឃើញគំនិតបែបសិល្បៈ មួយបានរៀបចំដូចជាពិព័រណ៌រូបថតក្រោមចំណងជើងថា « The Forgotten Sock»។ បន្ទាប់ពីលោកស្រី បានតាមមើលសកម្មភាពរបស់កូនស្រីខ្លួនក្រោយពេលដែលនាងដោះស្រោមជើងចោលក្នុងបន្ទប់ទឹក។ ដោយគាត់ចង់ឃើញ Kestrel អាយុ១០ឆ្នាំ ភ្ញាក់ខ្លួន ហើយយកស្រោមជើងចេញដោយខ្លួនឯង ប៉ុន្តែមួយសប្តាហ៍នាងនៅតែមិនអើពើ។ មិនតែប៉ុណ្ណោះ ជំនួសឲ្យប្រមូលយកស្រោមជើងទៅបោកគក់ដែលជាភារកិច្ចរបស់មាតាគ្រប់រូប អ្នកស្រី Campbell បែរជាថតរូបស្រោមជើងកូនស្រីទៅបង្ហោះលើហ្វេសប៊ុក។
ដើម្បីបង្ហាញពីព័ត៌មានទាក់ទងនឹងស្រោមជើង ជាមួយរូប គាត់បានសរសេរផ្ទាំងព័ត៌មានបិទលើជញ្ជាំង ក្នុងនោះមានឈ្មោះ Kestrel Campbell ជាសិល្បករ ជនជាតិអាមេរិក កើតនៅឆ្នាំ២០១០, ឈ្មោះពិព័រណ៌ The Forgotten Sock ដែលថតដោយ Mixed Media នៅថ្ងៃទី២៦ ខែវិច្ចិកា។ចំណែកស្រោមជើង អ្នកសរសេរថា ខ្ចីពីសិល្បករ។ នៅមុខស្រោមជើងដ៏កខ្វក់នោះ មានសត្វជាច្រើនផងដែរ។
បើមែនទែនទៅ តាមពិតវាជារឿងលេចសើចប៉ុណ្ណោះរវាងអ្នកស្រី Campbell និងកូនស្រី ហើយនៅមុនបង្ហោះ គាត់ក៏បានសុំការអនុញ្ញាតពីកូនផងដែរដើម្បីបង្ហាញពីការគោរពសិទ្ធិឯកជនភាព។ ភ្ញាក់ផ្អើលបំផុត ក្រោយការបង្ហោះនៅលើហ្វេសប៊ុក រូបថតពិព័រណ៌ The Forgotten Sock ទទួលការចែករំលែក និងចុច Like រាប់ពាន់។ ប៉ុន្តែ Kestrel មិនខ្មាសគេនោះឡើយ តែនាងរំភើបរីករាយចំពោះការបង្ហោះរបស់ម្តាយហើយនាងថែមទាំងយកទម្រដាក់សម្រាប់ស្បែកជើងនោះថែមទៀតផង។
អ្នកស្រី Campbell បានលើកឡើងយ៉ាងដូច្នេះនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំបានទទួលសារល្អជាច្រើន ដោយភាគច្រើនសុទ្ធតែបង្ហាញពីការពេញចិត្ត និងសើចសប្បាយរីករាយ»។
គួរជម្រាបដែរថា អ្នកខ្លះផ្តល់គំនិតឲ្យអ្នកស្រី Campbell សរសេរសៀវភៅតែអ្នកស្រីមិនចង់យករឿងផ្ទាល់ខ្លួនទៅបរិយាយកាន់តែវែងឆ្ងាយនោះឡើយ។ អ្វីកាន់តែពិសេសថែមទៀតនោះ ពិព័រណ៌ The Forgotten Sock ក៏បានទាក់ទាញអ្នកបរិច្ចាគថវិកាសប្បុសផងដែរ ដោយអ្នកស្រីទទួលបានប្រាក់ជាច្រើនពាន់ដុល្លារពីសប្បុរសជន ដោយថវិកាទាំងនោះ ត្រូវបានយកទៅបរិច្ចាគដល់មជ្ឈមណ្ឌល Jumping Mouse Children’s Center។
គួរបញ្ជាក់ថា អ្នកស្រី Campbell កាន់តែរីករាយ ដោយសកម្មភាពលេងសើចធម្មតារបស់ខ្លួន ប្រែក្លាយជាសកម្មភាពសប្បុរសធម៌ដែលជួយដល់សង្គម៕ដោយ៖ស តារា