អន្តរជាតិ៖ បើតាមការចុះផ្សាយបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA នៅថ្ងៃទី ៩ ខែវិច្ឆិកាម្សិលមិញនេះ បាននិយាយថា ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លោកស្រី គីម យ៉ូចុង បានរិះគន់លោកស្រី Kang Kyung-wha ប្រមុខការទូតកូរ៉េខាងត្បូង ជុំវិញការសង្ស័យថាមានករណីឆ្លងកូវីដ-១៩ នៅកូរ៉េខាងជើង។ មិនតែប៉ុណ្ណោះលោកស្រី គីម បានព្រមានថែមទៀតថា បើមិនបញ្ឈប់ការសង្ស័យបែបនេះទេ វាអាចនឹងបង្កឲ្យមានផលអាក្រក់ដល់ទំនាក់ទំនងទ្វេភាគីថែមទៀត។
លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានលើកឡើងក្នុងកិច្ចប្រជុំមួយថា វាពិបាកជឿណាស់ដែលកូរ៉េខាងជើង មិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេស ស្របពេលប្រទេសមួយនេះ បានបង្កើនការខិតខំយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុស។ ការលើកឡើងបែបនេះ ធ្វើឲ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកខ្លាំង។
ជាក់ស្តែងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានKCNA បន្ថែមទៀតថា លោកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតប្រមុខដឹកកូរ៉េខាងជើង បានចាត់ទុកសម្ដីលោកស្រី កាង ជាបំណងចង់បង្កើនភាពល្អក់កករដាក់គ្នា។ លោកស្រី គីម ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងបក្សពលករកូរ៉េ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងអាចមើលឃើញពីការលើកឡើងដោយគ្មានការពិចារណា របស់លោកស្រី Kang Kyung-wha ដែលមិនគិតពីផលវិបាក»។
បើតាមស្ត្រីដ៏មានឥទ្ធិពលរូបនេះ ការលើកឡើងរបស់ប្រមុខការទូតកូរ៉េខាងត្បូងថែមទាំងអាចបង្កកទំនាក់ទំនងកូរ៉េទាំងពីរថែមទៀត។លោកស្រី គីមបានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើង នឹងមិនភ្លេចពាក្យសម្តីទាំងនោះឡើយហើយប្រមុខការទូតកូរ៉េខាងត្បូង ប្រហែលជាត្រូវទទួលខុសត្រូវលើបញ្ហាផងដែរ។
សូមជម្រាបថា កន្លងមក មិនត្រឹមតែរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ដែលសង្ស័យថា កូរ៉េខាងជើងមានករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសសូម្បីតែទីភ្នាក់ងារចារកិច្ចជាតិកូរ៉េខាងត្បូង (NIS) ក៏បានអះអាងផងដែរថាគេមិនអាចច្រានច្រោលបានទេករណីឆ្លងកូរ៉ូណាវីរុសនៅកូរ៉េខាងជើង ព្រោះប្រទេសនេះ មានការផ្តោះប្តូរពាណិជ្ជកម្មជាមួយចិនផងដែរ មុនកូរ៉ូណាវីរុសផ្ទុះខ្លាំងនៅក្នុងក្រុងវូហាន។
គួរបញ្ជាក់ថា បើគិតមកត្រឹមពេលនេះ កូរ៉េខាងជើង ជាប្រទេសមួយ ដែលមិនទាន់ប្រកាសថាមានករណីឆ្លងកូរ៉ូណាវីរុសនៅឡើយទេ។ខណៈទីភ្នាក់ងារព័ត៌មាន KCNA នៅសប្តាហ៍មុន បានចុះផ្សាយថា កូរ៉េខាងជើង បានដាក់ចេញវិធានការអាសន្នកម្រិតខ្ពស់បំផុតដើម្បីទប់ស្កាត់កូវីដ-១៩ផងដែរ៕
ដោយ៖ស តារា