ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន ប្រាប់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការទិញវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជាជំហានដំបូង ចំនួន១លានដូស ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងពេលនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ នៅក្នុងសង្កាត់ទួលទំពូង២ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក​ ព្រុំ​ សំខាន់​ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌចំការមន អភិបាលរងខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់ផងដែរនោះ លោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានជម្រាបជូនប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការទិញវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ជាជំហានដំបូង ចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះ ពិតជាមហាសំណាងបំផុតរបស់កម្ពុជាយើង មានមេដឹកនាំប្រទេសដ៏វាងវៃ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាប់ជាមួយប្រជាពលរដ្ឋ មិនថា ប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។ 

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា ស្របពេលដែលកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាល តែងបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានបន្តថា បើទោះជាមានការបញ្ជាទិញវ៉ាក់សាំង ពីសំណាក់រាជរដ្ឋាភិបាលយ៉ាងនេះក្តី លោក ថេង សុថុល បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថា ជំងឺដ៏កាចសាហាវនេះ បានកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេស ក្នុងរាជធានីភ្នំពេញនៅឡើយ ទាមទារឲ្យយើងគ្រប់គ្នា ការពារខ្លួនជាប់ជានិច្ច តាមរយៈអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងដៃនឹងសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសង្គមផងដែរហាមមានការជួបជុំគ្នាច្រើនគ្មានការចាំបាច់ណាមួយ ។

លោកអភិបាលបញ្ជាក់ថាបានអំពាវនាវករណីអគ្គិភ័យរដូវនេះជារដូវខ្យល់បក់ខ្លាំងសូមលោកតាលោកយាយបងប្អូនពូមីងទាំងអស់គ្នាមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ហានិភ័យគ្រោះយើងមើលឃើញហើយចាកចោលផ្ទះពេលអុជទៀនធូកកំដៅម្ហូបបើកហ្គាសចោលនេះសុទ្ធតែបង្កគ្រោះអគ្គិភ័យ។ល។

ក្នុងឱកាសនេះដែរ លោក ថេង សុថុល បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានចាត់ឱ្យសាខា និងអនុសាខាកាកបាទក្រហមទាំងអស់ ចុះឱ្យដល់មូលដ្ឋាន និងនាំយកអំណោយចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ជនចាស់ជរា និងជនងាយរងគ្រោះជាដើមនោះ ទើបក្រុមការងារ បានស្រាវជ្រាវ និងចែកអំណោយជូនដូចជាក់ស្ដែងនៅពេលនេះ និងនៅពេលកន្លងមក ពោល គឺចែកជូនពលរដ្ឋដែលខ្វះខាតទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស់ អាល់កុល ទឹកដោះគោ មី និងថវិកាមួយចំនួនផងដែរ ៕

ដោយ៖ជី ណា


ចែករំលែក៖