មន្ត្រីយោធាអាមេរិកបានបញ្ជាក់ថា អុីរ៉ង់កំពុងតែមានប្រៀបនៅក្នុងតំបន់មជ្ឈិមបូព៌ាខណៈរដ្ឋាភិបាលអាមេរិកកំពុងតែផ្លាស់ប្តូរអំណាច។
សារព័ត៌មានPolitico នៅថ្ងៃទី១០ខែធ្នូ បានដកស្រង់សម្ដីមន្ត្រីក្នុងក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថាកម្លាំងទាហានអាមេរិកឈរជើងនៅតំបន់មជ្ឈិមបូព៌ា ត្រៀមលក្ខណៈជានិច្ចនៅក្នុងការធ្វើសង្គ្រាម និងទប់ស្កាត់ការវាយប្រហារពីប្រទេសអុីរ៉ង់។ ក្រសួងការពារជាតិ បានតាមដានរាល់សកម្មភាបយោធារបស់អុីរ៉ង់ ។
នៅថ្ងៃទី១០ខែធ្នូ កម្លាំងទាហានអាកាសអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រពីរគ្រឿងប្រភេទB-52H ពីទីតាំងទាហានអាកាស Barksdale ក្នុងរដ្ឋLouisianaសំដៅទៅកាន់តំបន់មជ្ឈិមបូព៌ា ត្រៀមលក្ខណៈវាយប្រហារអុីរ៉ង់ប្រសិនបើអុីរ៉ង់មានសកម្មភាពយោធាទៅលើប្រទេសអុីស្រាអែល ឬសម្ពន្ធមិត្តអាមេរិកក្នុងតំបន់។
សកម្មភាពខាងលើកើតឡើងក្នុងពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបារម្ភ ពីការវាយប្រហារចំពេលអាមេរិកកំពុងតែផ្លាស់ប្តូរ អំណាច។
អុីរ៉ង់បានប្រកាសថា នឹងសងសឹកដល់ការស្លាប់របស់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់ ហើយរដ្ឋាភិបាលអុីរ៉ង់បានចោទប្រកាន់អាមេរិក និងអុីស្រាអែលជាអ្នកនៅពីក្រោយការធ្វើឃាតនោះ៕
ដោយ៖ធី រីណា