ព័ត៌មានទាន់ហេតុការណ៍៖

ការចិញ្ចឹមត្រីអណ្ដែង កង្កែប នៅក្រុងវិហារ និងស្រុកត្បែងមានជ័យ មានការរីកចម្រើន

ចែករំលែក៖

ខេត្តព្រះវិហារ៖ ការចិញ្ចឹមត្រីអណ្តែង និង កង្កែប បានក្លាយទៅជាមុខរបរមួយ ជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទទួលបានកម្រៃដោះស្រាយក្នុងស្ថានភាពគ្រួសារ បានមួយកម្រិត ស្របតាមការជំរុញបន្ថែម ជំនាញ ក៏ដូចជាអាជ្ញាធរជាដើម។
អង្គភាពមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ បានធ្វើសេចក្តីរាយការណ៍មួយ ពាក់ព័ន្ធទៅនឹងមន្ត្រីជំនាញជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះទៅពិនិត្យពីការចិញ្ចឹមកង្កែបនិងត្រី របស់ប្រជាពលរដ្ឋ ជូនទៅកាន់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនោះខាងមន្ទីរបានបញ្ជាក់ថា, នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីខណ្ឌរដ្ឋបាលជលផល បានចុះពិនិត្យស្ថានភាពនៃការរចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងភូមិគោលដៅនៃក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ។ ក្នុងចំណោមប្រជាកសិករចំនួន ៥០គ្រួសារ ដែលចិញ្ចឹមត្រីអណ្តែង ក្នុងវគ្គ១ បានបង្ហាញឲ្យឃើញថា៖ ក្នុងចំណោមកសិករចិញ្ចឹមត្រី និងកង្កែបចំនួន៧០% បានប្រមូលផលរំលស់ និងនៅបន្តចិញ្ចឹមថែបំប៉នសម្រាប់ផ្គត់ផ្គង់ជាម្ហូបអាហារប្រចាំគ្រួសារ និងចិញ្ចឹមទុកពូជបង្កាត់ភ្ញាស់បន្តតាមបែបធម្មជាតិ។ រីឯកសិករចំនួន២០%ទៀត បានប្រមូលទាំងស្រុងសម្រាប់ជាម្ហូប និងលក់ទៅទីផ្សារ(ត្រី ១គ.ក្រ=៨០០០រៀល, កង្កែប ១គ.ក្រ=១២០០០រៀល)។ រីឯកសិករ១០%ទៀត បានជួបបញ្ហាសត្វងាប់បណ្តាមកពីអាកាសធាតុ ប្រែប្រួលខ្លាំង និងពុំបានចិញ្ចឹមបន្តដោយពិបាករកកូនពូជ ។ បច្ចុប្បន្នកសិករមួយចំនួនធំ(៧០%) បានបន្តដំណើរការចិញ្ចឹម និងពង្រីកទុនបន្ថែម ដោយបង្កើនតង់ចិញ្ចឹមទាំងកង្កែប និងត្រីសាច់៕

ដោយ៖ សិលា


ចែករំលែក៖