ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល គាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការទទួលខុសត្រូវរបស់លោកស្នងការខេត្ត ឈឿន សុចិត្ត

ចែករំលែក៖

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ទោះជាលោកទើបនឹងឡើងកាន់តំណែងជាស្នងការក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន។ ប៉ុន្តែលោកជាស្នងការគំរូ១រូប មានជំហរទទួលខុសត្រូវ លើតួនាទីភារកិច្ច ក្នុងនាមជាថ្នាក់ដឹកនាំនគរបាល បម្រើឲ្យប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ 24 ម៉ោងលើស 24 ម៉ោង ពិសេស ការបង្ក្រាបបទល្មើសគ្រប់យ៉ាងតាមមូលដ្ឋាន អនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។ លោកបានបង្កើតក្រុមចាំទទួលព័ត៌មាន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ជាក់ស្ដែង

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លេីយតបជូនម្ចាស់គណនីហ្វេសបុក សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «នៅខាងច្រកព្រំដែនប៉ាក់ណាមមានលេងល្បែងសុីសងតាយសុីវបៀរផ្សេងទៀតតែមិនមានកម្លាំងចុះបង្រ្កាបសោះដោយមូលហេតុមានអ្នកកាងទេដឹង? កូនក្មួយរស់នៅជាប់នឹងពិបាកណាស់ណាមួយខ្លាចបាត់បង់របោះរបរ ពីរខ្លាចពេលពួកនឹងចាញ់មករញេរញៃពួកខ្ញុំ ទីតាំងខាងលើឃ្លាំងមេឆនប្រហែល200ម៉ែត្រ បង្គោលភ្លើងលេខ100 ។ ភាគច្រើនចាប់ផ្តើមលេងពីម៉ោង6 ល្ងាចតទៅមិនងាយចាប់បានដោយសារមាននគរបាលម្នាក់កាងនឹងឃ្លាំមើលផ្លូវ កូនក្មួយមិនចង់អោយមានបញ្ហាជាមួយអ្នកជិតខាងទេតែវាពិបាករស់នៅពេកទាំងដែររស់នៅមានភាពភ័យខ្លាច» ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកកោះធំ ចុះស្រាវជ្រាវករណីដែលប្រជាពលរដ្ឋបានរាយការណ៍ បន្ទាប់មកលោកអធិការបានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកជ្រៃ​ ចុះបង្រ្កាបទីតាំងខាងលើ ។

ជាលទ្ធផល ៖
នៅថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលាម៉ោង​ ១៩​ និង​២០នាទី​ កម្លាំងនគរបាលប៉ុស្ដិ៍បានចុះស្រាវជ្រាវបង្ក្រាបដល់ទីតាំងខាងលេី​ តែពេលដែលកម្លាំងនគរបាលចុះទៅដល់​គឺពុំមានឃេីញមានមនុស្សលេងនោះទេ​ ចំណែកម្ចាស់ផ្ទះក៏ពុំបាននៅផ្ទះដែរ​ នៅតែកូនក្មួយស្នាក់ជាមួយប៉ុណ្ណោះ​ និងឃេីញមានតែសម្ភារៈវត្ថុតាងសម្រាប់លេងល្បែងស៊ីសងតាយស៊ីវ​ នៅនឹងកន្លែងកេីតហេតុ​ត្រង់ចំណុចសំយ៉ាបផ្ទះឈ្មោះ​ វិន​ យាំងហុង​ ភេទប្រុស​ អាយុ​៦២ឆ្នាំ​ ជនជាតិ​វៀតណាម​ ស្ថិតក្នុងភូមិព្រែកទន្លា​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ ។

បច្ចុប្បន្ន​សម្ភារៈ​វត្ថុតាងសម្រាប់ប្រព្រឹត្តល្បែងស៊ីសងខាងលើ កម្លាំងប៉ុស្តិ៍បានចាប់យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ​ ដោយឡែកម្ចាស់ផ្ទះ​សមត្ថកិច្ចប៉ុស្ដិ៍និងធ្វេីការកោះហៅមកធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់ការផ្តល់ទីតាំងប្រព្រឹត្តល្បែងសងគ្រប់ប្រភេទនៅពេលក្រោយ ។

ជាចុងក្រោយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វេីការអរគុណយ៉ាងជ្រាលជ្រៅ​ ដល់ការចូលរួមផ្ដល់ព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋ​ និងសូមបន្តក្នុងការសហការផ្ដល់រាល់ព័ត៌មានផ្សេងៗ​ដែលទាក់ទងសន្តិសុខ​ និងសណ្ដាប់ធ្នាប់​សង្គម ជាពិសេសចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ៕.

ដោយ៖ សិលា


ចែករំលែក៖