ព័ត៌មានទាន់ហេតុការណ៍៖

FDA ផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ​-១៩ របស់ ក្រុមហ៊ុនPfizer

ចែករំលែក៖

នៅយប់ថ្ងៃទី​១១ខែធ្នូ (ពេលវេលាអាមេរិក)រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក(FDA)បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវវ៉ាក់សាំង COVID-១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer ។ ការអនុញ្ញាតនោះគឺជាការបើកផ្លូវឲ្យអាមេរិកចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋ​។
តាមសារព័ត៌មាន New York Times បានផ្សាយថា​វ៉ាក់សាំង​ប្រឆាំងកូវីដ-​១៩ ចំនួន ២,៩ លានដូសបានចែកចាយដល់បណ្តារដ្ឋ​ដើម្បីចាក់ដល់ពលរដ្ឋ ក្រោយ​ការអនុម័តរបស់​FDA​។ ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់គឺជាប្រវត្តិសាស្ត្រ​​ក្នុងពេល អាមេរិកកំពុងប្រឈមវិបត្តិសុខាភិបាល​ ដោយ​មានពលរដ្ឋដល់ទៅ​ជាង​២៩០ពាន់នាក់ស្លាប់​។
បច្ចុប្បន្នអាមេរិក ក្លាយជាប្រទេសទី​៦​ហើយ​ដែលបាន​អនុម័តឲ្យចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-​១៩ បន្ទាប់ពីប្រទេស អង់គ្លេស បារ៉ែន​​ កាណដា អារ៉ាប៊ីសាអូឌីត​និង​ម៉ិចស៊ីកូ​​ ក្នុងការចាក់វ៉ាក់សាំង​ប្រឆាំង​កូវីដ-​១៩ របស់ក្រុមហ៊ុនPfizer ។ នៅសប្តាហ៍ក្រោយអឺរ៉ុប ក៏នឹងអនុម័តឲ្យចាក់វ៉ាក់សាំង ដូចគ្នាដើម្បីបញ្ចប់កូវីដ-​១៩។
ការអនុម័ត​ឲ្យប្រើប្រាស់វ៉ាក់សាំង​​​ ចំពេលដែលអាមេរិកមានករណីឆ្លងខ្ពស់​ ហើយមានអ្នកស្លាប់​ដល់ទៅជាង​៣ពាន់នាក់ក្នុងមួយថ្ងៃ គឺច្រើនបំផុតមិនធ្លាប់មាន៕ដោយ៖ធី រីណា

រូបភាព៖ Reuters/TTXVN


ចែករំលែក៖