ខេត្តប៉ៃលិន៖ដំឡូងមីក្នុងឆ្នាំនេះ គឺហក់ឡើងថ្លៃខ្ពស់នៅលើទីផ្សារប្រទេសថៃ។ ដូច្នេះគេសង្កេតឃើញប្រជាកសិករ ម្ចាស់ចម្ការធំៗនៅខេត្តប៉ៃលិន បានជួលកម្មករដកដំឡូងមី តាមចម្ការរបស់ពួកគាត់ ដើម្បីប្រមូលផលយកទៅលក់តាមស្តង់ដែលទទួលទិញក្នុងស្រុក។
ស្ត្រីវ័យជាង 40 ឆ្នាំម្នាក់ រស់នៅក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងខេត្តប៉ៃលិន បានឲ្យអង្គភាព នគរដ្រេហ្គន ដឹងថា អ្នកស្រីបានជួលដីគេដើម្បីដាំដំឡូងមី ចំនួនមួយហិកតាកន្លះ ក្នុងតម្លៃ 7 ពាន់បាត។ ផលដំណាំដំឡូងមីរបស់គាត់ក្នុងឆ្នាំនេះ ដូចជាប្រជាពលរដ្ឋដទៃទៀត គឺទទួលបានផលច្រើន។ ពិសេសចំពោះតម្លៃនៅក្នុងស្រុក ហក់ឡើងខ្ពស់ខុសពីធម្មតា ពីឆ្នាំកន្លងទៅ គែ1 គីឡូក្រាមលក់បាន 2.7 បាត។
ប្រជាកសិករមួយចំនួនទៀតបានបញ្ជាក់ផងដែរថា ,ប្រមាណជា 1សប្ដាហ៍កន្លងទៅនេះ តម្លៃដំឡូងមីបានធ្លាក់ចុះត្រឹម 2.5 បាតក្នុងមួយគីឡូក្រាម ពួកគាត់ព្រួយបារម្ភផងដែរខ្លាចតម្លៃនេះត្រូវបានចុះបន្តទៀត។
ប្រជាកសិករក៏បានសំណូមពរទៅអាជ្ញាធរដែនដី ក៏ដូចជាខាងសមាគមគ្រប់គ្រងផលិតផលកសិកម្ម មេត្តាជួយកុំឱ្យតម្លៃដំឡូងមីនេះត្រូវបានចុះក្រោមក្នុងតម្លៃខាងលើ ដើម្បីឲ្យគាត់ប្រមូលផលរួចលក់ទទួលបានកម្រៃដោះស្រាយក្នុងជីវភាពគ្រួសារ។
បុរសម្នាក់ដែលមានចម្ការដំឡូងមីប្រមាណជាង 5 ហិកតា គាត់បានអះអាងថា ដោយសារតែតម្លៃដំឡូងមីក្នុងឆ្នាំនេះ ហក់ឡើងខ្ពស់ ធ្វើឲ្យគាត់មានលទ្ធភាពក្នុងការបង្វែរប្រាក់បំណុលសងគេបានមួយចំនួន មានសេចក្តីត្រេកអរបំផុត ក្នុងសម័យកូវីដ១៩ផងនោះ ការដាំដុះរបស់គាត់ទទួលបានផលច្រើនជាងឆ្នាំកន្លងទៅ។
លោក ឃឹម ប៉េងថុង ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានប្រាប់អ្នកសារព័ត៌មានកន្លងទៅនេះផងដែរថា, តម្លៃដំឡូងមីក្នុងឆ្នាំនេះ គឺមានលក្ខណៈខុសពីឆ្នាំទៅ ហក់ឡើងថ្លៃរហូតដល់១ គីឡូក្រាម តំលៃ២,៧បាត , ប៉ុន្តែពេលខ្លះក៏ធ្លាក់ចុះត្រឹម២,៥បាត ក៏ប្រជាពលរដ្ឋយើង គាត់ទទួលបានតម្លៃខ្ពស់ជាងមុន។ លោកប្រធានច្រកបានបន្តថា ក្រសួងសាធារណការនិងដឹកជញ្ជូនរបស់ប្រទេសថៃ ក៏ដូចជាអាជ្ញាធរថៃ មានការកំណត់ឱ្យដឹកជញ្ជូន មិនឱ្យផ្ទុកលើសទម្ងន់ ខណៈដែលប្រជាពលរដ្ឋយើង សម្រុកដឹកជញ្ជូនដំឡូងមីទាំងនោះ ទៅកាន់ច្រកទ្វារអន្តរជាតិព្រំ យ៉ាងច្រើន។ លោកបានបញ្ជាក់ផងដែរថា ចំពោះតម្លៃសេវាច្បាប់ក្នុងការនាំចេញដំឡូងមីឆ្លងទៅប្រទេសថៃ សមត្ថកិច្ចនិងជំនាញ គាត់បានជួយការងារប្រជាពលរដ្ឋ មិនឱ្យបង់តម្លៃលើសពីការកំណត់នោះទេ ព្រោះយើងដឹងហើយថាសម័យនេះ យើងទាំងអស់គ្នស ក៏ដូចជាប្រជាជន ទាំងមូល កំពុងជួបវិបត្តិបញ្ហាជំងឺកូវីដ-១៩។
លោកថា , មានតែអាជ្ញាធរមាត់ច្រកប៉ុណ្ណោះ តែងតែមានទំនាក់ទំនង ល្អជាមួយនឹងភាគីថៃ ដើម្បីសម្រួលឲ្យការដឹកជញ្ជូនដំឡូងមី ឲ្យបានលឿនជូនប្រជាកសិករ ខណះឆ្នាំនេះទទួលបានផលច្រើន តម្លៃហក់ឡើងខ្ពស់នៅលើទីផ្សារក្នុងស្រុក និងទីផ្សារប្រទេសថៃ។
សូមរំលឹកផងដែរថា នៅឯស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ច្រកទ្វារអន្តរជាតិត្រពាំងថ្លុង ក្នុងមួយថ្ងៃមួយថ្ងៃក៏ប្រជាកសិករ បានដឹកជញ្ជូនដំឡូងមីស្រស់ ឆ្លងទៅប្រទេសវៀតណាមរាប់រយតោនក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៕
ដោយ៖សិលា