ភ្នំពេញ៖នៅមុននេះបន្តិច នារាត្រីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ លើ page ផ្លូវការថា, ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថា ខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ។
សម្ដេចមានប្រសាសន៍ទៀតថា, តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមខ្ញុំ
ភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
ខ្ញុំក៏សូមអរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសហការខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។
ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ-១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាល់កុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ ដោយសារព្រឹត្តិកាណ៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ។
ខ្ញុំសូមជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ-១៩៕
សូមអរគុណ!
ដោយ៖ សុខ ខេមរា