ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងមណ្ឌលសុខភាពជ្រោយចង្វា ដើម្បីសាងសង់អគារបន្ថែមធ្វើជាកន្លែងចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ ខណៈ ជំងឺនេះបាននិងកំពុងតែរីករាលដាលនៅឡើយ ។
ការសម្រេចជ្រើសរើសយកទីតាំងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកចំនួនពីរទីតាំងរួចនោះគឺ មណ្ឌលសុខភាពបង្អែកខណ្ឌដូនពេញ និងមណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វា។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រោយពីមន្ដ្រីជំនាញពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសចុះពិនិត្យរួចរាល់ហើយ ក៏បានសម្រេចជាគោលការណ៍ ដោយជ្រើសរើសយកទីតាំងមណ្ឌលសុខភាពបង្អែកខណ្ឌជ្រោយចង្វាធ្វើជាកន្លែងសាងសង់អគារសម្រាប់ការធ្វើចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថា ទីតាំងមណ្ឌលសុខភាពបង្អែកជ្រោយចង្វាមានទីធ្លាធំទូលាយដែលអាចសាងសង់ជាអគារសម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩បាន ហើយអ្វីដែលសំខាន់ជាងនេះថែមទៀតនោះ មណ្ឌលសុខភាពបង្អែក ខណ្ឌជ្រោយចង្វាស្ថិតក្នុងសង្កាត់ជ្រោយចង្វានេះ មិនសូវមានប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលជំងឺច្រើនដូចនៅតាមបណ្ដាមណ្ឌលសុខភាពបង្អែកខណ្ឌផ្សេងៗទៀតនោះទេ ។
សូមបញ្ជាក់ថា៖ ការជ្រើសរើសយកទីតាំងមណ្ឌលសុខភាពបង្អែកដើម្បីកសាងជាអគារធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺកូវីដ-១៩នេះធ្វើឡើងក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំឲ្យអាជ្ញាធរ រាជធានី-ខេត្តនិងក្រសួងសុខាភិបាលធ្វើការជ្រើសរើសរកទីតាំងណាមួយធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកានៅមិនទាន់បានបញ្ចប់នៅឡើយទេពោលគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨ មករាក៏ថាបាន ៕ ដោយ៖សំរិត