មន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបានបទបញ្ជារឲ្យផ្អាករាល់សកម្មភាពផ្ទេរអំណាចដល់ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក បៃឌិន ។
កាលពីថ្ងៃទី១៨ ខែធ្នូក្រសួងការពារជាតិអាមេរិកបានប្រកាសថា ក្រុមការងាររៀបចំផ្ទេរអំណាចមានការងារច្រើនត្រូវធ្វើ។
រាល់សកម្មភាពផ្ទេរអំណាចនឹងឡើងផែនការជាថ្មីក្រោយបញ្ចប់ការឈប់សម្រាកឆ្នាំថ្មី។
សារព័ត៌មានAxios បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកដែលបានបញ្ជាក់ថា «ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្អាកសកម្មភាពផ្ទេរអំណាចនៅថ្ងៃស្អែក។យើងនឹងឡើងកាលវិភាគថ្មីក្រោយបញ្ចប់ការសម្រាកចូលឆ្នាំរួច»។ ជាមួយគ្នានេះរដ្ឋមន្ត្រីក៏បានប្រកាសថា មិនមានករណីឈប់ប្រជុំផ្ទេរអំណាចនោះឡើយ។
ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ បានច្រានចោលការចោទប្រកាន់ថា ការផ្អាកសកម្មភាពផ្ទេរអំណាចគឺជាចេតនា ដើម្បីពន្យារពេលតែប៉ុណ្ណោះ។ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា ក្រោយឈប់សម្រាកនឹងមានកិច្ចប្រជុំផ្ទេរអំណាចដល់ទៅ២០ លើក ហើយការផ្ទេរអំណាចត្រូវធ្វើឲ្យរួចរាល់មុនថ្ងៃទី២០ខែមករាឆ្នាំ២០២១ ដែលប្រធានាធិបតីថ្មីចូលកាន់តំណែង។
មន្ត្រីក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា បុគ្គលិកក្រសួងការពារជាតិពិតជានឿយហត់ខ្លាំងណាស់ដោយសារតែកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីផ្ទេរអំណាច ហើយថែមទាំងមានការងារបច្ចុប្បន្នរបស់ក្រសួងទៀត។
លោក Chris Miller ទទួលបានការតែងតាំងជារដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី១១ខែវិច្ឆិកា ក្រោយ លោកMark Esper ត្រូវប្រធានាធិបតីដូណាល់ ត្រាំដកហូតតំណែង។ ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ជាច្រើន ក៏បានចាកចេញពីមន្ទីរបញ្ចកោណធ្វើឲ្យសកម្មភាពមួយចំនួនត្រូវជាប់គាំង៕ដោយ៖ធី រីណា