ខេត្តកណ្ដាល ៖ សមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្ត និងក្រុងតាខ្មៅ កំពុងស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើតដែលណាត់បងបង្កើតមកបាញ់សម្លាប់ដល់ក្នុងផ្ទះ ។
ហេតុការណ៍បាញ់សម្លាប់មនុស្សនេះបានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧និង១០នាទីព្រឹក នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា៖ ជនរងគ្រោះជាបងបង្កើតឈ្មោះ ឆាយ សៀមមី ភេទប្រុស អាយុជាង៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម។
ចំណែកជនសង្ស័យត្រូវជាប្អូនបង្កើត ឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (គេចខ្លួន) (ជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកscoopy ពណ៌ក្រហម ស្លាកលេខភ្នំពេញ …..9941 ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា វត្ថុតាងចាប់យក៖ អាវុធខ្លី១ដើមម៉ាក Lock 98 លេខ ៖ 00080409236 បង់១ គ្រាប់ចំនួន១០គ្រាប់របស់ជនសង្ស័យ មានប្រភពមិនច្បាស់)។
លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយតែងតែ ឈ្លោះគ្នាជាមួយប្រពន្ធដែលរកស៊ីលក់ផលិតផលតាមអនឡាញ ។ លុះមកដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ វេលា ម៉ោង៤រសៀល ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួនទៀត ពេលនោះជនរងគ្រោះបានចូលទៅជួយសម្របសម្រួលឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែរជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេចង់បំបែកបំបាក់ប្តីប្រពន្ធគេ ។ លុះមកដល់វេលាម៉ោង៤ទៀបភ្លឺនាថ្ងៃកើតហេតុខាងលើជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាមឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួនក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច។
ពេលនោះជនរងគ្រោះបានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ទៅក្រោយរងរបួសយ៉ាងធ្ងន់ ហើយជនសង្ស័យបានរកបាញ់ ឪពុកក្មេកទៀត តែមិនផ្ទុះ និងប្រតាយប្រតប់គ្នាធ្វើឱ្យជ្រុះកាំភ្លើងត្រូវឪពុកក្មេកដណ្តើមយកបាន ហើយជនសង្ស័យបានគេចរួចឡើងជិះម៉ូតូ scoopy ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 9941 ជិះឡើងមកក្រុងតាខ្មៅ គេចខ្លួនសំដៅទៅភ្នំពេញ ។
ករណីនេះសមត្ថកិច្ចនគរបាលខេត្ត និង ក្រុងតាខ្មៅកំពុងស្វែងរកជនសង្ស័យ ដើម្បីបន្តចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់អង្គភាពនគរដ្រេហ្គន នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មុននេះបន្តិចថា ពាក់ព័ន្ធនឹងករណីខាងលើ លោកបានបញ្ជាឲ្យសមត្ថកិច្ច កម្លាំងជំនាញ សហការគ្នា ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីតាមប្រមាញ់មុខសញ្ញា ឃាត់ខ្លួនយកមកធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា កំពុងតាមប្រមាញ់ ចំពោះការវិវត្តអ្វីថ្មីនឹងផ្ដល់ជូនលម្អិតនៅពេលក្រោយ។ ប៉ុន្តែបច្ចុប្បន្ន ទុកឲ្យមន្ត្រីនគរបាលយុត្តិធម៌ ដំណើរការនីតិវិធីតាមជំនាញ៕

ដោយ៖សុខ ខេមរា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច