ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ដូចនេះប្រជាពលរដ្ឋគ្រប់រូបត្រូវចងចាំ និងដឹងគុណជានិច្ចតទៅ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរខូបថ្ងៃបុណ្យជាតិជ័យជំនះ៧មករា មន្ត្រី និងសមាជិកសមាជិកាគណបក្សកម្ពុជាថ្នាក់ខណ្ឌ និងសង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ ត្រូវត្រៀមពាក្យស្លោក និងរូបភាពឡូហ្គោ០៧ មករា ២០២១ ពិសេសប៉ានណូគណបក្ស ព្រមទាំងរូបសម្តេចទាំងពីរ បើមានប៉ានណូ ទង់ជាតិ ទង់បក្ស ណាដែលស្លេកព័ណ៍ ឬចាស់រហែក ត្រូវប្តូរថ្មីភ្លាម ហើយត្រូវកែលម្អដាំផ្កានៅក្រោមដងប៉ានណូ ថែមថយយ៉ាងណាឲ្យមើលទៅស្អាតល្អ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងដឹងគុណជានិច្ចនៅថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ។

បើគ្មានថ្ងៃ៧មករា ក៏គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីសដែរ ហើយបើមិនមានថ្ងៃទាំងអស់នេះ ក៍គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ ដូចនេះសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងដឹងគុណជានិច្ចនៅថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ នាសាលប្រជុំគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។

លោកបន្តថា លោកសុំឲ្យក្រុមការងារទាំងអស់ទាំងថ្នាក់សង្កាត់ និងខណ្ឌត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវគោរពតាមនឹងអនុវត្តឲ្យបាននូវគោលនយោបាយទិសដៅរបស់គណៈបក្ស ជាពិសេសត្រូវមានមនោសញ្ចេតនាជាប់ជាមួយប្រជាពលរដ្ឋទូទៅ ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានគិតគូពីប្រទេសជាតិនិងប្រជាពលរដ្ឋ ខិតខំនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់ទទួលបានជោគជ័យសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋទាំងមូល។

លោកបញ្ជាក់ថា យើងមានថ្ងៃនេះក៏ដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យមកដល់បច្ចប្បន្ននេះ។ 

ជាចុងក្រោយលោកសុខ សម្បត្តិ ក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ព្រោះការបោះឆ្នោតសង្កាត់ឆ្នាំ២០២២មិនយូទេ ដូច្នេះយើងត្រូវពង្រឹងខ្លួនយើងចាប់ពីពេលនេះតទៅ ហើយត្រូវតែបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីបក្សទាំងអស់គ្នា ដើម្បីគណៈបក្សប្រជាជនកម្ពុជាយើងទទួលជ័យជំនះនាការបោះឆ្នោតថ្នាក់សង្កាត់ឆ្នាំ២០២២ និងបន្តឈ្នះក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខបន្តទៀត៕

ដោយ៖ ព្រែកសំរោង


ចែករំលែក៖