ខេត្តក្រចេះ ៖ រថយន្តម៉ាកស្ថារិចពណ៌ទឹកប៊ិក តទ្រុងដឹកត្រីចេញពីទឹកដីខេត្តស្ទឹងត្រែង ក្នុងតំបន់អភិរក្សត្រីមេពូជត្រូវបានការពារនិងអភិរក្សដោយមន្ត្រីជលផលខេត្ត ដោយមិនថារដូវបិទនេសាទឬរដូវបើកនេសាទឡើយ បើតាមប្រសាសន៍លោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានមានប្រសាសន៍ក្នុងពិធីលែងកូនត្រីកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០កន្លងមកនេះថា យើងត្រូវថែរក្សាការពារនិងអភិរក្ស ហាមមិនឲ្យអ្នកនេសាទមកនេសាទឡើយ ជាពិសេសត្រូវទប់ស្កាត់មិនឲ្យប្រើឧបករណ៍នេសាទខុសច្បាប់ជាដាច់ខាត ព្រោះនេះជាតំបន់អភិរក្សត្រីមេពូជ តម្រូវការក្នុងខេត្ត។
ប៉ុន្តែផ្ទុយពីប្រសាសន៍ណែនាំនេះនៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០រថយន្តស្តារិចពណ៌ទឹកប៊ិកតទ្រុង ពាក់ស្លាកលេខក្រចេះ2A-4994 ដឹកត្រីពេញមិនតិចរយគីឡូក្រាមឡើយ ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ទឹកដីខេត្តក្រចេះ ត្រូវកម្លាំងស្នាក់ការអ.ហ៧១០ស្ទាក់ចាប់នាំចូលស្នាក់ការ តាមការចង្អុលបង្ហាញពីលោកម៉ក់ ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានតែមួយស្របក់ក៏ត្រូវដោះលែងទៅវិញ។
បើតាមប្រភពពីអ្នករកស៊ីលក្ខណៈតូចតាចបានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះផងដែរ បើអ្នករកស៊ីបទល្មើសនេសាទតិចតួច ឬអ្នកនេសាទជាលក្ខណៈគ្រួសារមិនថារដូវបើកឬបិទនេសាទនោះទេ បើមិនបានជម្រាបប្រាប់លោកមន្ត្រីជលផលនោះទេ គឺត្រូវតែចាប់បង្ក្រាបរឹបអូសទាំងសម្ភារទាំងត្រីនិងពិន័យរាប់លានរៀលឯណោះ បានន័យថាអ្នកមានលុយឲ្យរួចខ្លួន អ្នកគ្មានលុយឲ្យត្រូវគេបញ្ជូនខ្លួនមកកន្លែង ហើយចោទពីបទរារាំងការងារមន្ត្រីសាធារណ:ថែមទៀត។ ប្រភពបានបន្តថា: ចំពោះអ្នករកស៉ីជាលក្ខណ:តូចតាចដឹកតាមម៉ូតូ គឺសមត្ថកិច្ចដេញស្ទាក់ចាប់ប៉ផាប់ពភីង ត្រី៥គីឡូទៅ១០គីឡូក្រាម ដែលគ្នាទិញពីអ្នកនេសាទសោះ ផាកពិន័យ១លានរៀល ទៅ២លានរៀល បើគ្មានលុយឲ្យនោះទេពិតជាយ៉ាប់ហើយ ម្នាក់ៗក្រខ្លួនដោយសារមន្ត្រីជលផល ព្រោះតែក្រពះដោយមិនដឹងថាត្រីគេរកបានមកពីប្រភេទឧបករណ៍ខុសច្បាប់នោះទេ។
ប្រភពដដែលបញ្ជាក់ថា: ចំណែកអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលជាអ្នករកស៉ីដាក់ទុនទិញត្រីដឹកទាំងរថយន្តៗគេពុំដែលឃើញសមត្ថកិច្ចជំនាញចាប់បង្ក្រាបម្តងណាឡើយ បើចាប់លុះត្រាតែមានគំនុំខឹងមិនបង់លុយឲ្យតែប៉ុណ្ណោះ។ ដូចករណីរថយន្តស្តារិចដឹកត្រីខាងលើកាលពីយប់ថ្ងៃទី១៧ ខែធ្នូកន្លងមកនេះ កម្លាំងអ.ហ ៧១០ ស្ទាក់ចាប់បានមួយស្របក់ក៏ដោះលែងវិញ។
ពួកគាត់សួរថា តើមូលហេតុអ្វីដែរ ជាលក្ខណៈគ្រួសារមែនឬដឹកប្រភេទរថយន្តរាល់យប់រាល់ថ្ងៃមិនតិចក្រោម១០០គីឡូក្រាមទេ ដឹកចេញពីខេត្តស្ទឹងត្រែង ជាពិសេសត្រីដែលរកបាននោះ គឺបានមកពីតំបន់ហាមឃាត់ អាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយភាគច្រើនប្រើសុទ្ធតែឧបករណ៍នេសាទត្រីខុសច្បាប់ មិនថារដូវបិទនេសាទឬបើកនេសាទឡើយ ហេតុអ្វីបានជាមិនទប់ស្កាត់ និងបង្ក្រាបផង បែរជាមកបង្ក្រាបតែអ្នករកស៉ីតិចតួចចោទថាគ្នារកស៉ីខុសច្បាប់ទៅវិញ។
ជុំវិញរឿងនេះលោកម៉ក់ ពន្លក នាយខណ្ឌជលផលខេត្តក្រចេះ បានឆ្លើយបញ្ជាក់តាមតេឡេក្រាមឱ្យអ្នកសារព័ត៌មានយើងដឹងថា: ក្នុងការបង្ក្រាបរថយន្តខាងលើ លោកក៏បានសុំយោបល់ទៅលោកប្រធានតុលាការខេត្តក្រចេះ រឿងរកស៊ីដឹកត្រីលក្ខណៈគ្រួសារគួរតែដោះលែងទៅ មិនត្រូវបង្ក្រាបទេ។ លោកបន្តថា នេះជារដូវបើកនេសាទ ហើយម្យ៉ាងទៀតត្រីដែលគេបានដឹកជញ្ជូននោះ គឺដឹកចេញពីទឹកដីខេត្តស្ទឹងត្រែង។ លោកប្រាប់ថាអ្នកសារព័ត៌មានយើងគួរតែទៅសួរនាយខណ្ឌជលផលខេត្តស្ទឹងត្រែងវិញទើបត្រូវ។ លោកបញ្ចាក់ថា: ក្នុងការដឹកជញ្ជូនត្រីនេះ វាមិនមែនដូចការដឹកជញ្ជូនឈើទេប្អូន លោកថាបើចង់ដឹងច្បាស់នៃច្បាប់ជលផលឱ្យអ្នកសារព័ត៌មានយើងមកកន្លែងលោក លោកនឹងបង្ហាញ។
ជុំវិញការដឹកជញ្ជូនត្រីចេញពីទឹកដីខេត្តស្ទឹងត្រែង លោកទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ដែរថា ក្នុងការរកស៊ីដឹកជញ្ជូនផលជលផលជាលក្ខណៈអាជីវកម្មបានលុះត្រាតែមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញត្រឹមត្រូវ បើគ្មានទេ ត្រូវធ្វើការផាកពិន័យតាមច្បាប់ ហើយបើគាត់រកស៊ីលក្ខណៈគ្រួសារតិចតួចនោះមិនអីទេ។ លោកនាយខណ្ឌបញ្ជាក់ទៀតថា លោកប្រឹងអស់ពីសមត្ថភាព ក្នុងការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនេសាទបាន លុះត្រាតែមានអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្លួនឯង គួរតែឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ មិនថារដូវបើកនេសាទឬបិទនេសាទឡើយ ទើបយើងថែរក្សានិងអភិរក្សធនធានជលផល នៅក្នុងដែនសមត្ថកិច្ចកំពុងការពារ ដើម្បីទុកត្រីមេពូជកើនកូនសំបូរដូចកាលពីសម័យមុន។
គួររំលឹកថា សកម្មភាពនៃការចរាចរណ៍ដឹកជញ្ជូនត្រីយកទៅលក់តាមបណ្ដាខេត្តនានា មានជារៀងរាល់យប់ ជាពិសេសត្រីធំៗជាប្រភេទត្រីសាច់និងនាំចេញទៅលក់នៅក្រៅប្រទេស ជាពិសេសពេលជិតភ្លឺ ដូចគ្មានការទប់ស្កាត់ ហើយកំណើននៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាស្បៃលូ ដាយធំៗ និងឧបករណ៍ឆក់ត្រីជាដើម កំពុងតែរីកដុះដាលនៅលើផ្ទៃទឹក មិនថាទន្លេមេគង្គអន្លង់អភិរក្សត្រីមេពូជ និងទន្លេសេសាន ជាពិសេសលើអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ កំពុងតែកើតមានទាំងយប់ទាំងថ្ងៃ ប្រហែលជាមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមួយចំនួនហើយមើលទៅ ទើបបទល្មើសនេសាទនេះ នៅតែកើតមាន ហើយការដឹកជញ្ជូនត្រីយកទៅលក់តាមបណ្តាខេត្ត ក៏គ្មានការទប់ស្កាត់ផងដែរនោះ តើអនាគតធនធានជលផលមច្ឆជាតិក្លាយទៅជាយ៉ាងណា៕
ដោយ៖មាស សុផាត