ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ។ បានន័យថា រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនៅកម្ពុជា។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៧នាក់។
ដោយឡែកចំពោះ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វត្ថុសំណាកនៅសល់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំនួន៥៣០សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៦២២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផលអវិជ្ជមានទាំងអស់។នៅសល់វត្ថុសំណាកចំនួន ២៣សំណាកទៀត ដែលត្រូវធ្វើការវិភាគបន្តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤១នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣០នាក់៕