ភ្នំពេញ៖នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅសាលាខេត្តប៉ៃលិន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិន ។
សូមជម្រាបថា លោកស្រី បាន ស្រីមុំ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដែលត្រូវតម្លើងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោកស្រី បាន ស្រីមុំ កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៥ និងមានស្រុកកំណើតនៅខេត្តប៉ៃលិនផ្ទាល់តែម្តង។ លោកស្រីក៏បានជាប់ជាតំណាងរាស្រ្ត ២អាណត្តិជាប់គ្នា នៅមណ្ឌលប៉ៃលិន ចាប់តាំងពីឆ្នាំ២០១៣មក។
លោកស្រី បាន ស្រីមុំ បានក្លាយជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្រ្តខេត្តប៉ៃលិន ដែលទទួលបានតំណែងជាអភិបាលប្រចាំខេត្តទឹកដីត្បូងពេជ្រនេះ និងជាអភិបាលខេត្តស្រីទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោកស្រី មិថុនា ភូថង ដែលជាអភិបាលខេត្តកោះកុងផងដែរ។
សូមជម្រាបជូនផងដែរ នៅឆ្នាំនេះកសិករដាំដំឡូងមីនៅខេត្តប៉ៃលិន ទទួលបានផលច្រើន និងមានទីផ្សារខ្ពស់ ជាងឆ្នាំកន្លងទៅ។ មន្ត្រីមាត់ច្រកព្រំបានបញ្ជាក់ឲ្យដឹងថា, ក្នុងមួយគីឡូក្រាម តម្លៃ 2,7 បាត , ក្រោយមកចុះត្រឹម 2,5 បាត ប៉ុន្តែតម្លៃខាងលើនេះអាចធ្វើឲ្យប្រជាកសិករដាំដុះដំឡូងក្នុងឆ្នាំនេះ ទទួលបានប្រាក់ច្រើន អ្នកខ្លះអាចដោះបំណុល នឹងមានចំណូលច្រើន ។ ធ្វើឲ្យអ្នកខេត្តប៉ៃលិនសប្បាយចិត្តរីករាយបំផុតក្នុងការដាំដុះរបស់ខ្លួន។
ចំពោះដំឡូងមីនេះផងដែរ ភាគីខាងប្រទេសថៃ គឺក្រសួងសាធារណការនិងដឹកជញ្ជូនថៃ និងសមត្ថកិច្ចថៃមាត់ច្រក បានតម្រូវឲ្យដឹកតាមទម្ងន់កំណត់។ ដូច្នេះការដឹកនាំដំឡូងមីទៅកាន់ប្រទេសថៃ របស់ប្រជាពលរដ្ឋខ្មែរយើង ក៏មានការយូរថ្ងៃបន្តិច។
សូមរំលឹកផងដែរថា នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តី ណែនាំជាបន្ទាន់មួយ ខណ:នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ មានអ្នកអ្នកឆ្លងជំងឺ covid-19 ជាច្រើននាក់ ភាគច្រើនមកពីប្រទេសភូមា។
ដូច្នេះក្រសួងសុខាភិបាលកម្ពុជា សូមធ្វើការអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ការពារជំងឺកូវីដ-១៩ ជាពិសេសខេត្តដែលនៅជាប់នឹងប្រទេសថៃ រួមមាន: ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ នេះជាដើម៕
ដោយ៖ សិលា