ព័ត៌មានទាន់ហេតុការណ៍៖

ឈប់ចតត្រាក់ទ័រសណ្តោងរ៉ឺម៉កលើផ្លូវត្រូវម៉ូតូគ្មានភ្លើងចង្កៀងមុខបុកពីក្រោយរបួសមនុស្ស២នាក់ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ត្រាក់ទ័រសណ្តោងរុឺម៉កមួយគ្រឿងខណៈឈប់ចតលើផ្លូវខ្វះការប្រុងប្រយត្ន័ត្រូវអ្នកជិះម៉ូតូមើលមិនឃើញបុកពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឱ្យរងរបួសមនុស្ស២នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៦និង៣៧ក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ យិន ចន អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក  និងអ្នករួមដំណើរមានឈ្មោះកើត សារិន  អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ជិះម៉ូតូម៉ាកHONDA C100(សាំងយ៉ូ) ពណ៌ខ្មៅ គ្មានស្លាកលេខនិងគ្មានភ្លើងបំភ្លឺផ្លូវបានរងការខូចខាតយ៉ាងដំណំ។

ចំណែកត្រាក់ទ័រសណ្តោងរុឺម៉កម៉ាក់ FIA ពណ៌លឿង កម្លាំង៨០សេះគ្មានស្លាកលេខ បើកបរដោយឈ្មោះឈ្មោះឡឹក អែម ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មុនពេលកើតហេតុមានបុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA C100(សាំងយ៉ូ) ពណ៌ខ្មៅ គ្មានស្លាកលេខនិងគ្មានភ្លើងបំភ្លឺផ្លូវដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈយប់ងងឹតផងស្រាប់តែទៅបុកពីក្រោយត្រាក់ទ័រសណ្តោងរុឺម៉កមួយគ្រឿងដែលឈប់ចតលើផ្លូវថ្នល់ខ្វះប្រុងប្រយ័ត្នស្របទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក និងធ្វើការវាស់វែងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចចរាចរណ៍បានបញ្ជាក់ថាមូលហេតុបង្កឱ្យមានករណីគ្រោះថ្នាក់នេះកើតឡើងដោយសារតែអ្នកបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កចតលើផ្លូវថ្នល់ខ្វះការប្រុងប្រយ័ត្ន៕

ដោយ៖យឹម សុថាន


ចែករំលែក៖