ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលណែនាំ ពីការ ការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេល ឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការ ការ ការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេល ឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរក៏ពិតមែននាពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” មានអ្នកជាសះស្បើយជាបន្តបន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតក៏ពិតមែន ក៏ប៉ុន្តែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩នៅបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ គឺមិនទាន់មានការធូរស្បើយ នៅឡើយទេព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញនៅបណ្តាប្រទេសជាច្រើន ជាក់ស្តែងយោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក ករណីជំងឺកូវីដ-១៩សរុបនៅលើសកលលោកមាន ៧២.២៩៩.០៤២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបមាន១.៦៦៩.៩៨២១នាក់ហើយនេះបើគិតត្រឹមម៉ោង១៧:២២ល្ងាច នៃថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មីដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបន្ត ចូលរួមអនុវត្តន៍វិធានការសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នៅក្នុងទ្រង់ទ្រាយតូចក្តី ឬ ធំក្តី នាអំឡុងពេលគ្រឹសស្មាស់ចូលឆ្នាំថ្មី ពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ដោយអនុវត្តន៍ឲ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំក៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំ នានារបស់ក្រសួងសុខាភិបាល ដែលមានការតម្រូវឲ្យអនុវត្តន៍នូវវិធានសំខាន់ៗជាសង្ខេបមានដូចខាងក្រោម៖

១. សូមបន្ត “ការរស់នៅធម្មតាតាមបែបគន្លងថ្មី” ដោយអនុវត្តន៍នូវវិធាន *៣ការពារ”គឺ ក).ពាក់ម៉ាស់រាល់ ពេលចេញក្រៅផ្ទះ(បើមានការចំបាច់ )។

ខ ). លាងដៃញឹកញាប់ជាមួយសាប៊ូ, អាល់កុល ឬទឹកជែលលាងដៃ ,

គ) . រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់ កន្លែង គ្រប់ពេលវេលា និង គ្រប់កាលៈទេសៈ។

២. សូមអនុវត្តន៍វិធានៗ៣កុំ” គឺ៖

. កុំទី១-គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីន ត្រជាក់ច្រើនពេក រកកន្លែងដែលមានខ្យល់ចេញចូល
. កុំទី២- គឺកុំទៅកន្លែងមានមនុស្សច្រើនកុះករ ,
. កុំ ទី៣-គឺ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជូនគ្នាជាដើម ហើយអ្នកមានផ្កាសាយ ឬ សង្ស័យមានជំងឺកូវីដ-១៩ឬមានអាការៈមិនស្រួលសូមពាក់ម៉ាស់ និងស្វែងរកសេវាពិគ្រោះ តេស្តនិង ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ឬទូរស័ព្ទមកលេខទាន់ហេតុការណ៍ ១១៥ ដើម្បីពិគ្រោះយោបល់។

៣. “មិនត្រូវមានការជួបជុំគ្នាដែលមានមនុស្សលើសពី ២០នាក់” និងត្រូវអនុវត្តន៍វិធានការណ៍សុខាភិបាល ឲ្យបានត្រឹមត្រូវដូចបានណែនាំខាងលើនេះស្រាប់ជាចំបាច់។ ពេលនេះជាដំណាក់កាលចំបាច់បំផុតដែល យើងទាំងអស់គ្នា ត្រូវរួមសាមគ្គីគ្នាក្នុងការអនុវត្តន៍វិធានការណ៍សុខាភិបានដ៏មានសារៈសំខាន់នេះ ដើម្បីទប់ ស្កាត់ការចម្លងរាលដាលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំក្តី និងដើម្បីបងប្អូនអាចបន្តការរស់នៅជាធម្មតាតាម បែបគន្លងថ្មី ជាប្រចាំ។ សូមកុំភ្លេចវីរុសកូវីដ-១៩ ព្រោះវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយវីរុសដ៏កាចសាហាវនេះក៏មិនភ្លេចយើងដែរ បើយើងធ្វេសប្រហែស វីរុសនេះនឹងវៃលុកសរីរាង្គកាយ យើងហើយ។ ដូច្នេះ មានតែវិធីការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំខាងលើនេះទេ ដែលអាចជួយទប់ ស្កាត់បានជាអតិបរិមានូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារខ្លួននិងពីបុគ្គលទៅជាការចម្លង រាតត្បាតក្នុងសហគមន៍ទ្រង់ទ្រាយធំ។

៤. នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ធនាគារ និងកន្លែងពាណិជ្ជកម្មផ្សេងៗ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ បើអតិថិជនមិនមានពាក់ម៉ាស់ គឺមិនអនុញ្ញាតឱ្យចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ ហើយត្រូវមានការវាស់កំដៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាតគ្នាមួយម៉ែត្រកន្លះឡើងទៅ មានទឹកអាល់ កុល ឬទឹកជែល សម្រាប់អតិថិជនលាងដៃ និងនៅតាមបន្ទប់ទឹក ត្រូវមានសាប៊ូលាងដៃ ជាប្រចាំ។ ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធររាជធានី-ខេត្ត ស្រុក ខណ្ឌ

រដ្ឋបាលឃុំ/សង្កាត់ ទាំងអស់ហើយក្រសួងក៏សូមថ្លែងអំពាវនាវដល់សាធារណជនទាំងអស់សូមចូលរួមអនុវត្តន៍តាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរួមចំណែកកាត់ផ្ដាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ និងកុំឱ្យមានការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ ទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ៖ សិលា


ចែករំលែក៖