ភ្នំពេញ៖ នៅពេលដែលការប្រណាំងជាសកលដើម្បីផលិតវ៉ាក់សាំង Covid-19 នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងលឿនដោយមានក្រុមអ្នកផលិតវ៉ាក់សាំង “ស៊ីណូវ៉ាក” មួយដែលកំពុងនាំមុខគេនៅបរទេស ។ ការដឹកជញ្ជូនវ៉ាក់សាំង ស៊ីណូវ៉ាក ចំនួន១.២ លានដូស ចេញពីទីក្រុងប៉េកាំងបានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយ ហើយចំនួន ១.៨ លានដូសទៀតនឹងទៅដល់នៅដើមខែមករាខាងមុខ ។ ប៉ុន្តែវ៉ាក់សាំងនេះមិនទាន់បានបញ្ចប់ការសាកល្បងដំណាក់កាលចុងក្រោយរបស់ខ្លួននៅឡើយ ដែលបង្កើតជាចំងល់ថាតើយើងដឹងច្បាស់អំពីវ៉ាក់សាំងចិននេះយ៉ាងដូចម្តេច?
តើវាមានភាពខុសគ្នាយ៉ាងដូចម្តេចរវាងស៊ីណូវ៉ាក និងវ៉ាក់សាំងផ្សេងៗទៀត?
CoronaVac គឺជាវ៉ាក់សាំងមួយដែលធ្វើអំពីមេរោគលែងមានសកម្មភាពដែលដំណើរការដោយប្រើបំណែកនៃវីរុសត្រូវគេសម្លាប់ហើយដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃសរពាង្គកាយតតាំងហ្នឹងវីរុសដោយមិនប្រឈមនឹងជំងឺណាមួយធ្ងន់ធ្ងរកើតឡើងឡើយ។ វ៉ាក់សាំងពីក្រុមហ៊ុន Moderna និង Pfizer គឺជាប្រភេទវ៉ាក់សាំង mRNA ដែលមានន័យថា ជាផ្នែកនៃពូជកូរ៉ូណាវីរុស ដែលត្រូវបានគេចាក់ចូលទៅក្នុងសារពាង្គកាយ ដោយធ្វើឲ្យសរពាង្គកាយចាប់ផ្ដើមផលិតប្រូតេអ៊ីននៃវីរុស ដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់ប្រយុទ្ធនឹងវីរុសខាងក្រៅ ។ សាស្ត្រាចារ្យ Luo Dahai មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងបានប្រាប់ BBC ថា “CoronaVac គឺជាវិធីសាស្ត្រប្រពៃណីមួយបន្ថែមទៀតដែលត្រូវបានប្រើដោយជោគជ័យក្នុងការចាក់វ៉ាក់សាំងល្បីៗជាច្រើនដូចជាជំងឺឆ្កែឆ្កួត” ។ លោក Luo បន្ថែមថា “វ៉ាក់សាំង mRNA គឺជាវ៉ាក់សាំងប្រភេទថ្មីហើយបច្ចុប្បន្ននេះមិនមានឧទាហរណ៍ជោគជ័យណាមួយដែលត្រូវបានប្រើប្រាស់ក្នុងចំណោមប្រជាពលរដ្ឋឡើយ” ។ គុណសម្បត្តិមួយរបស់ ស៊ីណូវ៉ាក គឺវាអាចរក្សាទុកនៅក្នុងទូទឹកកកស្តង់ដារនៅចន្លោះពី ២-៨ អង្សាសេ ដូចគ្នាទៅនឹងវ៉ាក់សាំង Oxford ដែរ ។ ដោយឡែក វ៉ាក់សាំង Moderna ត្រូវរក្សាទុកនៅ -២០ អង្សាសេ និងវ៉ាក់សាំង Pfizer នៅ -៧០ អង្សាសេ ។ មានន័យថាទាំងវ៉ាក់សាំង Sinovac និងវ៉ាក់សាំង Oxford-AstraZeneca មានប្រយោជន៍ច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនអាចផ្ទុកវ៉ាក់សាំងបានច្រើននៅសីតុណ្ហភាពទាបបែបនេះ ។
តើ ស៊ីណូវ៉ាក មានប្រសិទ្ធភាពប៉ុណ្ណា?
វាពិបាកនិយាយនៅពេលនេះ ប៉ុន្តែយោងតាមទិនានុប្បវត្តិវិទ្យាសាស្ត្រ The Lancet បច្ចុប្បន្នយើងមានតែព័ត៌មានពីការសាកល្បងដំណាក់កាលទី១ និងទី២ នៃកូរ៉ូណាវ៉ាក់ តែប៉ុណ្ណោះ ។ លោក Zhu Fengcai ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធចងក្រងឯកសារពេទ្យ បាននិយាយថា លទ្ធផលដែលផ្អែកលើអ្នកចូលរួម ១៤៤ នាក់នៅក្នុងដំណាក់កាលទី ១ និង ៦០០ នាក់នៅក្នុងដំណាក់កាលទី ២ បង្ហាញថា វ៉ាក់សាំងនេះ “សមស្របសម្រាប់ការប្រើប្រាស់នៅពេលបន្ទាន់” ។ កាលពីខែកញ្ញា ការធ្វើតេស្តទៅលើអ្នកស្ម័គ្រចិត្តជាង ១.០០០ នាក់ ក្នុងនោះមានអ្នកខ្លះបង្ហាញថាអស់កម្លាំងតិចតួចឬមិនស្រួលខ្លួន… តែមិនលើសពី ៥% ទេ ។ វ៉ាក់សាំងនេះក៏បានចាប់ផ្តើមសាកល្បងទ្រង់ទ្រាយធំដំណាក់កាលចុងក្រោយនៅក្នុងប្រទេសប្រេស៊ីលដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី២ នៅលើពិភពលោកកាលពីដើមខែតុលា។ ការសាកល្បងទាំងនេះត្រូវបានបញ្ឈប់មួយរយៈខ្លីនៅក្នុងខែវិច្ឆិកាបន្ទាប់ពីមានរបាយការណ៍ថាមានអ្នកស្ម័គ្រចិត្តម្នាក់បានស្លាប់ ប៉ុន្តែក៏បានបន្តសាកល្បងទៀតបន្ទាប់ពីការស្លាប់ត្រូវបានគេរកឃើញថាមិនមានជាប់ទាក់ទងជាមួយវ៉ាក់សាំងនេះឡើយ ។ ដៃគូរបស់ Sinovac នៅប្រេស៊ីល វិទ្យាស្ថាន Butantan បាននិយាយថា ខ្លួនរំពឹងថា Sinovac នឹងផ្សព្វផ្សាយលទ្ធផលពីការសាកល្បងរបស់ខ្លួនមុនថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ។
តើគេអាចផលិត ស៊ីណូវ៉ាក បានប៉ុន្មានដូសក្នុងមួយឆ្នាំ?
ប្រធានក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CGTN ថាក្រុមហ៊ុន Sinovac អាចផលិតបាន ៣០០ លានដូសក្នុងមួយឆ្នាំ ហើយការចាក់វ៉ាក់សាំងនេះត្រូវការចំនួនពីរដូស ។ ក្រៅពីប្រទេសឥណ្ឌូនេស៊ី ប្រទេសចិនក៏បានធានានូវកិច្ចព្រមព្រៀងលក់ទៅប្រទេសផ្សេងទៀតដូចជាប្រទេសទួរគី ប្រេស៊ីល និងឈីលី ។ ក្រុមអ្នកវិភាគបាននិយាយពីការដេញថ្លៃរបស់ប្រទេសចិនដើម្បីឈ្នះការប្រកួតប្រជែងផ្នែក “ការទូតវ៉ាក់សាំង” ដែលត្រូវបានគេរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យាផ្តល់ប្រាក់ចំនួន ២ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្រ្វិក និង១លានដុល្លារទៀតទៅឲ្យអាមេរិកឡាទីនដើម្បីទិញវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែគេមិនដឹងច្បាស់អំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះឡើយ ។ លោក Jacob Mardell អ្នកវិភាគមកពី MERICS បានប្រាប់សារព័ត៌មាន ABC ថា “ទីក្រុងប៉េកាំង … ប្រាកដជានឹងផ្តល់បច្ចេកវិទ្យាជួយសង្រ្គោះជីវិតមនុស្សដើម្បីផលចំណេញផ្នែកពាណិជ្ជកម្មនិងការទូត” ។ កាលពីដើមឆ្នាំនេះទីក្រុងជីស៊ីង ប្រទេសចិនបានផ្តល់តម្លៃបឋមចំនួន ២០០ យ័ន (២៩,៧៥ ដុល្លារអាមេរិក)ក្នុង១ដូស ។ ដោយឡែក Bio Farma ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានប៉ាន់តម្លៃប្រហែល ២០០,០០០ រូពី (១៣,៦០ ដុល្លារអាមេរិក) ក្នុង១ដូស ។ យ៉ាងណាក៏ដោយ តម្លៃនេះនៅតែខ្ពស់ជាងវ៉ាក់សាំង Oxford ដែលមានតម្លៃ ៤ ដុល្លារក្នុង១ដូស ប៉ុន្តែនៅតែទាបជាង Moderna ដែលមានតម្លៃ ៣៣ ដុល្លារក្នុង១ដូស។ ក្រុមហ៊ុន Moderna បាននិយាយថាខ្លួនមានគោលដៅនាំចេញចំនួន ៥០០ លានដូសក្នុងឆ្នាំ ២០២១ រីឯក្រុមហ៊ុន AstraZeneca និយាយថាខ្លួននឹងផលិតបាន ៧០០ លានដូសនៅចុងត្រីមាសទី១ឆ្នាំ២០២១ ៕
ប្រភព៖ BBC News