ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ឆ្មក់បង្រ្កាបល្បែងសុីសងបញ្ជល់សត្វមាន់ភ្នាល់លុយ ដោយដុតកម្ទេចនូវឧបករណ៍ជាវត្ថុតាង និងដកហូតសម្ភារយកមកបន្តនីតិវិធី ចំណែកជនប្រព្រឹត្តរត់គេចបាត់អស់ ។
ករណីសមត្ថកិច្ចនគរបាលបង្រ្កាបល្បែងបញ្ជល់សត្វមាន់ខាងលើ ធ្វើឡើងនៅវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃក្របៅ ឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកបាកានបានឲ្យដឹងថា លទ្ធផលៈ ក្នុងកិច្ចប្រត្តិបត្តិការបង្រ្កាបនេះដកហូតវត្ថុតាងរួមមាន មាន់គកចំនួន២ក្បាល ស៊ុមក្រុងសត្វមាន់ចំនួន២ ជញ្ជីងថ្លឹងចំនួន១ កម្សៀវដាំទឹកចំនួន២ ឆ្នាំងដាំបាយចំនួន២ ស្បែកជើងចំនួន៣៥គូរ សង្វៀនបញ្ជល់សត្វមាន់ចំនួន២ សម្ភារមួយចំនួន និងម៉ូតូចំនួន២០គ្រឿង ចំណែកក្រុមជនប្រព្រឹត្តរត់គេចបាត់ ។
នគរបាលស្រុកដដែលបន្តទៀតថា វត្ថុតាងសង្វៀនបញ្ជល់សត្វមាន់ និងឧបករណ៍មួយចំនួនត្រូវបានដុតកម្ទេចចោល ចំណែកសម្ភារជាវត្ថុតាងមួយទៀតយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកបាកាន ៕ដោយ៖បុឹម ពិន