ខេត្តកណ្ដាល៖ មានប្រសាសន៍ នៅក្នុងពិធីដេញថ្លៃជាសាធារណៈភាស៊ី គ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ ២០២១ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ លោម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកដល់អាជីវករ ដែលបានដាក់ពាក្យសុំចូលដេញថ្លៃ ត្រូវពិចារណាឲ្យបានច្បាស់លាស់ មុននឹងដេញថ្លៃយកមកប្រកបអាជីវកម្ម ដើម្បីជៀសវាងការដេញថ្លៃប្រកួតប្រជែងគ្នា ក្នុងតម្លៃខ្ពស់ យកឈ្នះយកចាញ់ ប៉ុន្តែការអនុវត្តការបង់ចំណូលជូនមិនបានពេញលេញ នាំឲ្យខាតបង់លើអាជីវកម្មខ្លួន និងជាប់បំណុលរដ្ឋ។
លោកបានបញ្ជាក់ថា ចំពោះភាស៊ីផ្សារទាំង ៥ ទីតាំងដែលបានដាក់ដេញថ្លៃនេះ គឺពុំមានទីតាំងសម្រាប់ចាក់សំរាម និងកន្លែងផ្ញើរកង់ម៉ូតូរបស់រដ្ឋទេ ដូច្នេះអាជីវករដែលមកដាក់ពាក្យសុំចូលដេញថ្លៃភាស៊ីផ្សារ ត្រូវមានមធ្យោបាយដឹកជញ្ជូន និងរកទីតាំងចាក់សំរាមដោយខ្លួនឯង ឲ្យបានសមស្រប មានរក្សាអនាម័យ ធ្វើឲ្យផ្សារមានសោភ័ណភាពជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញ ប្រើប្រាស់សេវាកម្មរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោក ក៏បានស្នើឲ្យអ្នកដែរដេញថ្លៃភាស៊ីបាន ទាំងអស់ ត្រូវស្តាប់ការណែនាំរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអង្គភាពជំនាញ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំ កិច្ចសន្យា និងសៀវភៅបន្ទុក ដែលបានកំណត់ ឲ្យមានប្រសិទ្ធភាពខ្ពស់។
តាមរបាយការណ៍ របស់លោកស្រី ខុន លក្ខណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបង្ហាញថា ការដេញថ្លៃជាសាធារណៈភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ ២០២១ រួមមាន÷ ភាស៊ីផ្សារមានចំនួន ៥កន្លែងគឺ ១/ផ្សារគគីរនៅស្រុកកៀនស្វាយ ២/ផ្សារបែកចាន-ផ្សារថ្នល់ទទឹងនៅស្រុកអង្គស្នួល ៣/ផ្សារព្រែកអញ្ចាញ-ផ្សាររការកោងនៅស្រុកមុខកំពូល ៤/ផ្សារកោះធំនៅស្រុកកោះធំ ៥/ផ្សារកំពង់កន្ទួតនៅស្រុកកណ្ដាលស្ទឹង។ ភាស៊ីកំពង់ចម្លងមាន ៧កន្លែង ១/កំពង់ចម្លងកោះតេជោ គគីធំនៅស្រុកកៀនស្វាយ ២/កំពង់ចម្លងស្វាយរលំ កោះអន្លង់ចិន នៅក្រុងតាខ្មៅ ៣/ កំពង់ចម្លង ពាមសន្ថាកំពុងអុស នៅស្រុកពញ្ញាឮ ៤/កំពង់ចម្លងតាខ្មៅ ចំពុះក្អែកនៅក្រុងតាខ្មៅ ៥/កំពង់ចំលងព្រែកព្រីងនៅក្រុងតាខ្មៅ ៦/កំពង់ចម្លងគ្រួស-តាព្រហ្ម នៅស្រុកពញាឮ ៧/កំពង់ចម្លងឫស្សីដាច់-ក្បាលជ្រោយពោធិបាន នៅស្រុកកោះធំ។ ភាស៊ីសត្តឃាតដ្ឋាន មានមួយកន្លែងគឺនៅក្នុងស្រុកខ្សាច់កណ្ដាល៕
ដោយ៖សិលា