ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ចុះត្រួតពិនិត្យជាក់ស្តែងតាមខ្នងផ្ទះ និងផ្តល់ការអនុញ្ញាតភ្លាមៗនៅនឹងកន្លែង ទៅលើការស្នើសុំជួសជុលតូចតាចចំនួន១០ករណី

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណ:អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា : ថ្ងៃនេះ ឆ្លៀតចូលរួមដោយផ្ទាល់ជាមួយក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី ចុះត្រួតពិនិត្យជាក់ស្តែងតាមខ្នងផ្ទះ និងផ្តល់ការអនុញ្ញាតភ្លាមៗនៅនឹងកន្លែង ទៅលើការស្នើសុំជួសជុលតូចតាចចំនួន១០ករណី ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។

លោកអភិបាលស្រុកវ័យក្មេងរូបនេះ បានលើកឡើងថា, កន្លងមក រដ្ឋបាលស្រុកបន្ទាយស្រីតែងតែបានចាត់តំណាងចូលរួមជាមួយក្រុមការងារសហគមន៍ ដើម្បីចុះពិនិត្យនិងសម្រេចដល់នឹងកន្លែង ធ្វើយ៉ាងណាបង្ខិតការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សឱ្យបានមកកៀកនៅជិតមូលដ្ឋាន និងផ្តល់ភាពងាយស្រួល ឆាប់រហ័ស ដោយមិនចាំបាច់អស់កម្រៃ។ បន្ថែមពីនេះ រដ្ឋបាលស្រុកបន្ទាយស្រីក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរអប្សរាដោយបានរៀបចំឱ្យមានមន្ត្រីតំណាងអាជ្ញាធរអប្សរាប្រចាំការដោយផ្ទាល់នៅច្រកចេញ-ចូលតែមួយនៃរដ្ឋបាលស្រុកផងដែរ។

ក្នុងនាមលោកជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី,និងរដ្ឋបាលស្រុកសូមសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានទីលំនៅស្ថិតក្នុងតំបន់អប្សរាទូទាំងស្រុកបន្ទាយស្រី ហើយមានបំណងចង់ជួសជុលតូចតាច ដាក់ពាក្យស្នើសុំមកឃុំនីមួយៗ ជៀសវាងការជួសជុលដោយគ្មានច្បាប់អនុញ្ញាត ដែលនាំឱ្យមានការហាមឃាត់។ រដ្ឋបាលស្រុកនឹងសម្របសម្រួលជាមួយអាជ្ញាធរអប្សរាជូន។
សូមរំលឹកផងដែរថា , លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង មានឆន្ទៈក្នុងការអភិវឌ្ឍន៍មូលដ្ឋាន លើកតម្កល់ផលប្រយោជន៍ជាតិជាធំ។ លោកបានធ្វើឲ្យកេរ្តិ៍ឈ្មោះក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ត្រូវបានប្រជាពលរដ្ឋគាំទ្រ ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យក្នុងមូលដ្ឋាន ទាំងផ្លូវគមនាគមន៍ ទាំងបង្កើតតំបន់ទេសចរណ៍ ការរៀបចំដំឡើងអំពូលភ្លើងតាមផ្លូវសាធារណៈ ការដោះស្រាយជូនប្រជាពលរដ្ឋរាល់សំណូមពរ ការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោកអភិបាលវ័យក្មេង ដ៏ឆ្នើមរូបនេះ មានគំនិតច្នៃប្រឌិតក្នុងការដឹកនាំ ជាពិសេសលោកចង់ឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការឲ្យកូនរបស់ខ្លួនបានចូលសិក្សា ឲ្យបានគ្រប់គ្នា តាមរយៈ online ឬការសិក្សាតាមផ្ទះ ដើម្បីជាធនធានមនុស្ស នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមរយៈការដឹកនាំរបស់លោក ស្រុកបន្ទាយស្រី ប្រជាពរដ្ឋមានមុខរបរច្រើន ទាំងការលក់ដូរ ការច្នៃប្រឌិតជាសម្ភារៈឧបករណ៍ផ្សេងៗ ពង្រីកតំបន់ទេសចរណ៍ ទាក់ទាញភ្ញៀវនៅក្នុងស្រុក ជាមួយនឹងសោភ័ណភាពដ៏ស្រស់បំព្រង នៃស្រុកអភិវឌ្ឍន៍មួយនេះ

ដោយ៖សិលា


ចែករំលែក៖