ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងជំនាញចុះធ្វើការផ្លាស់ប្ដូរប្រព័ន្ធលូ ពីតូចមកធំ នៅតាមមហាវិថីនិងវិថីតូចៗនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញដើម្បីបង្ហូរទឹកឱ្យបានលឿនជាងមុន ព្រោះកន្លងមកពេលភ្លៀងម្ដងៗតែងតែលិចផ្លូវមួយចំនួនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរ ដូច្នេះទើបសាលារាជធានីបានបន្តសកម្មភាពមួយផ្នែកទៀតដោយធ្វើការបូមលូ និងបាញ់ទឹកលាងសម្អាតមាត់លូដែលមានសំរាមនិងដីភក់ បង្កការស្ទះលូ ដើម្បីបង្ហូរទឹកឱ្យបានលឿនជាងមុន ថែមទាំងលើកសោភណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។
ជាក់ស្ដែងនៅវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការងារស្តារលូ ដោយអូសកៅឡាក់បំពង់លូចាស់ នៅតាមបណ្តោយផ្លូវលេខ១៣ ត្រង់ចន្លោះពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៨៣ ប្រវែង ១,៦៣៨.៥ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលខណ្ឌដូនពេញឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរ កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានបន្តគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជរាធានីភ្នំពេញ ជំហានទី៤ ហិរញ្ញប្បទានឥតសំណងពីប្រជាជនជប៉ុនជាសក្ខីភាពនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិឹងព្រះរាជាណាចក្រកម្ពុជា ដាក់បណ្តាញលូមេមានជាច្រើនគម្រោងមកហើយរួមមាន ផ្លូវលេខ៣១៥ ផ្លូវលេខ៤៧ ផ្លូវលេខ៥៩២ …-ល-។ដើម្បីដោះស្រាយទឹកលិចពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ បង្ហូរទឹកទាន់ពេលវេលា។
នាឱកាសនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានបន្តចុះត្រួតពិនិត្យការងារផ្សារចំរឹងដែកដាក់តាមមាត់អណ្តូងលូចំនួន៩អណ្តូង តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដើម្បីកុំឱ្យសំរាម ឬកាកសំណល់ផ្សេងៗ ហូរចូលលូនៅពេលមានភ្លៀងធ្លាក់ ដែលជាហេតុបណ្តាលឱ្យស្ទះលូផងដែរ៕ដោយ៖រ៉ារ៉ា