ខេត្តកណ្ដាល៖ នៅតែមានបងប្អូនមួយចំនួន មិនបានគិតអំពីសុខភាព អាយុជីវិត និងការប៉ះពាល់ដល់អ្នកដទៃ ក៏ដូចជា មិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាក់ស្ដែងទៀតហើយ ទើបត្រឡប់ពីថៃ ធ្វើចត្តាឡីស័ក បាន២ថ្ងៃ នៅប៉ោយប៉ែត លួចរត់មកស្រុកកំណើត នៅខេត្តកណ្តាល។
សូមបញ្ជាក់ថា យុវជនម្នាក់ឈ្មោះ គង់ ម៉េងហ៊ង អាយុ២៦ឆ្នាំ ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅប៉ោយប៉ែតបានរយៈពេល២ថ្ងៃ បែរជាលួចរត់មកស្រុកកំណើត វិញ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
អាជ្ញាធរមូលដ្ឋាន បានប្រាប់សារព័ត៌មាន ថា យុវជនរូបនេះ បានលួចរត់មកស្រុកកំណើត កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ តែឥឡូវនេះ ត្រូវបានអាជ្ញាធរជំនាញ ដាក់អោយធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង និង ណែនាំអោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដើម្បីជៀសវាង ការលួចរត់ពីទីតាំងចត្តាឡីស័ក សូមមេត្តាសមត្ថកិច្ច អាជ្ញាធរ មន្រ្តីសុខាភិបាល ដែលមានភារកិច្ចប្រចាំការនៅទីនោះ ពិនិត្យនិងពង្រឹងសន្តិសុខ ការពារឲ្យបានម៉ត់ចត់ជៀសវាងការឆ្លងជាសហគមន៍កើតឡើង៕
ដោយ៖សិលា