ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ស្ថានទូតបានទទួលព័ត៌មានផ្លូវការ ពីប៉ូលិសកូរ៉េ អំពីការស្លាប់ ពលការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង កើតថ្ងៃទី ១៦ ខែតុលា ឆ្នាំ១៩៩០ ដែលកាន់លិខិតឆ្លងដែនលេខ N002 បានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤ និង ៣០នាទីរសៀល ស្ថិតនៅតំបន់ផូធន់។
ក្នុងករណីនេះ ស្ថានទូតកម្ពុជា សង្កេតឃើញការចុះផ្សាយព័ត៌មានមួយចំនួន ក្នុងបណ្តាញសង្គម និងក្នុង បណ្តាញផ្សព្វផ្សាយក្នុងស្រុកនៅសាធារណរដ្ឋកូរ៉េ អំពីការស្លាប់របស់ពលការិនីខាងលើ ដែលបានលើកហេតុផលផ្សេងៗ គ្នាដែលផ្ទុយពីការពិត និងមានក្រុមឧទ្ទាមប្រឆាំងក្រៅច្បាប់ មួយចំនួនតូច បានវាយប្រហារមកលើស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន ភស្តុតាងត្រឹមត្រូវ ដែលជាចេតនាកេងចំណេញនយោបាយពីការស្លាប់នេះ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលរបាយការណ៏ផ្លូវការ អំពីការធ្វើកោសល្យវិច្ច័យសាកសព ដែលផ្តល់ដោយប៉ូលិសកូរ៉េ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេង ខាងលើ បានស្លាប់បណ្តាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។ យោងទៅតាមនីតិវិធី របស់ប៉ូលិស ជាមួយនឹងកិច្ចអន្តរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនេះ នឹងត្រូវបញ្ជូនទៅ តុលាការ និងរដ្ឋអាជ្ញា ធ្វើការស៊ើបអង្កេតមើលបន្តទៀត ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។ ទន្ទឹមនេះ ស្ថានទូតកម្ពុជា បានទទួលការសូមទោស ពីបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកូរ៉េមួយចំនួន និងបានកែ តម្រូវអំពីមូលហេតុនៃការស្លាប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលិសកូរ៉េ ដូចគ្នា។ លើសពីនេះ ស្ថានទូតកម្ពុជា តែងតែជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជា សព និងសហការជាមួយការិយាល័យមេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្តឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ ឱ្យមានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរទាំងអស់។
នា ពេលកន្លងមក ស្ថានទូតកម្ពុជា និងស្ថានទូតតាមបណ្តាប្រទេសបញ្ជូនពលករទាំង១៥ទៀត តែងតែលើកបញ្ញា នៃការ ស្នាក់នៅរបស់ពលករបញ្ហាកូវីដ និងបញ្ហាផ្សេងៗ ទៅពិភាក្សាជាមួយអាជ្ញាធរកូរ៉េ ជាពិសេសអង្គភាពអភិវឌ្ឍន៍ ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហា ឱ្យកាន់តែ មានប្រសិទ្ធិភាព និងផ្តល់ភាពកក់ក្តៅទៅដល់ពលករទាំងអស់។
ជាអកុសល ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែប្រឆាំង និងមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មួយចំនួនតូច បានវាយប្រហារមកកាន់មន្ត្រីស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន និងឆ្លៀតកេងចំណេញនយោបាយ ពី មរណភាពពលការិនីខាងលើ។ អំពើនេះ ស្ថានទូតកម្ពុជា សូមធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និង អមនុស្សធម៌ចំពោះប្រជាជាតិខ្លួនឯងណាស់ ។ លើសពីនេះ ពួកគេបានចោទប្រកាន់ និងមិនផ្តល់សច្ចៈធម៌ទៅដល់ម ន្ត្រីស្ថានទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េ អំពីការជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរ និងការចូលរួមនយោបាយផងដែរ។ ករណីនេះ ស្ថានទូតកម្ពុជា សូមបញ្ជាក់ថា ក្រៅពីម៉ោងរដ្ឋបាល និងអគាររដ្ឋបាល មន្ត្រីស្ថានទូត ក៏ដូចជាពលរដ្ឋកម្ពុជា ទូទៅ គឺមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ដូច មានចែងក្នុងមាត្រា៣៥ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមជឿទុកចិត្តលើស្ថានទូតកម្ពុជា ក៏ដូចជាអាជ្ញាធរមាន សមត្ថកិច្ចកូរ៉េ ហើយសូមកុំជឿលើ ការបំផ្លើស និងញុះញង់ របស់ក្រុមឧទ្ទាមមួយចំនួនតូច ដែលមាននិន្នាការប្រឆាំង ជាហេតុបណ្តាលឱ្យខាតបង់ឧត្តមប្រយោជន៍ជាតិ ប្រជាជន និងទំនាក់ទំនងល្អជាមួយភាគីកូរ៉េ៕
ដោយ៖ សុខ ខេមរា