ភ្នំពេញ៖ ការកែច្នៃសម្រស់ពីធម្មជាតិបានក្លាយជារឿងពេញនិយមសម្រាប់មនុស្សស៊ីវីល័យជាច្រើន ប៉ុន្តែការជ្រើសរើសទីតាំងនៃការវះកាត់ និងការត្រួតពិនិត្យសុខភាពដើម្បីប្រាដកថានឹងមិនមានផលអវិជ្ជមាននៅថ្ងៃក្រោយគឺជារឿងចាំបាច់បំផុត ។ ជាក់ស្តែងករណីរលួយចុងច្រមុះរហូតធ្លាយជ័រនៃច្រមុះសិប្បនិម្មិតរបស់តារាចម្រៀងម៉ៃ សុគន្ធ បានក្លាយជាបទពិសោធន៍ថ្មីមួយគួរឲ្យចាប់អារម្មណ៍។
បញ្ចេញសារចែករំលែកបទពិសោធន៍អមដោយខ្លឹមសារបង្កប់ភាពឈឺចាប់លើការកែច្រមុះដាក់ខ្ទង់ជ័រនោះ តារាចម្រៀងរូបនេះលើកឡើងថា”លទ្ធផលចង់ស្អាត មុនកែ ពេលកែហើយ និង បញ្ចប់ការកែ លែងមានជ័រ ខ្ទង់ រឺរបស់ខ្ចីគេទៀតហើយ ពេលនេះជាសះ៩០ភាគរយហើយរង់ចាំពេល៣ខែទៀត វះកាត់ដេរម្តងទៀតទេ នឹងបានដូចដើមវិញហើយ អរគុណដែលបង្រៀនខ្ញុំអោយចេះ ឆ្អែត និង តម”។ សារនេះស្តាប់ទៅហាក់ដូចជាលំបាកបន្តិចទាំងការចេញទៅវះកាត់ទាំងឈឺមុខរបួស ការតមចំណីអាហារ និងប្រុងប្រយ័ត្នខ្ពស់ ។ ខណៈដែលករណីម៉ៃ សុគន្ធ គឺអាចចូលដើមដែលប្រែពីច្រមុះដែលមិនមានស្លាកស្នាមទៅជាលេចចេញយ៉ាងច្បាស់នូវមុខរបួសដែលគេដឹងថានឹងនៅតែជាប់ស្នាមបើទោះបីជាសះស្បើយក៏ដោយ។
ក្រៅពីច្រមុះមានបញ្ហានេះដែរ ការបង្ហោះសាររៀបរាប់បញ្ចេញឈ្មោះគ្លីនិចកែសម្រស់នៅប្រទេសថៃនេះក៏នាំមកនូវភាពចម្រូងចម្រាសរហូតមានសារព្រមានតារារូបនេះឲ្យចេញសារសុំទោសមួយកាលពីដើមខែនេះផងដែរ ។
គួរបញ្ជាក់ដែរថាកន្លងទៅ វីដេអូនៃការរលួយចុងច្រមុះរបស់តារាចម្រៀង ម៉ៃ សុគន្ធ ត្រូវបានទម្លាយឡើងកាលពីចុងខែវិច្ឆិកាឆ្នាំ២០២០នេះបន្ទាប់ពីលោកបានស្វែងរកការព្យាបាលនៅគ្លីនិកក្នុងស្រុកមួយយីហោតុងម៉ី។ អ្វីដែលចាប់អារម្មណ៍ គឺលោក ម៉ៃ សុគន្ធបានបញ្ជាក់លើបណ្តាញសង្គមថា ច្រមុះដែលលោកមានបញ្ហាគឺក្រោយពីការវះកាត់ដាក់ខ្ទង់ដែលធ្វើនៅគ្លីនិកមួយ នៅរាជធានីបាងកកព្រះរាជាណាចក្រថៃ ដែលការវះកាត់នេះធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៨មកម្ល៉េះ។អមដោយសាររិះគន់គ្លីនិកនេះទើបត្រូវបានម្ចាស់តំណាងគ្លីនិកដែលត្រៀមបើកនៅកម្ពុជាប្រតិកម្មនិងស្នើឲ្យតារាចម្រៀងរូបនេះចេញមុខសុំទោសជាសាធារណៈផងដែរ៕ ដោយ៖ វឌ្ឍនា