ខេត្តបន្ទាយមានជ័យ ៖ គ្រឿងក្នុងជ្រូកខូចគុណភាពត្រូវក្រុមឈ្មួញនាំចូលប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង១១ព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១នៅចំណុចមុខស្នាក់ការគយនិងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវក្រុមអន្តរាគមន៍ការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ធ្វើការស្ទាក់ឃាត់ចាប់រថយន្តដឹកទំនិញ បង្កប់ផលិតផលមានដើមកំណើតពីសត្វជ្រូកជាបន្តបន្ទាប់។
សមត្ថកិច្ចប្រាប់ថា ស្ថាប័នគយនិងក្រុមអន្តរាគមការិយាល័យ ដកហូតបាន ឆ្អឹងជំនីរ អណ្តាត សាច់ ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀនចំនួន ៦០កេស ស្មើនឹង ៣.៦០០ គីឡូក្រាម (ក្នុង១កេស ស្មើនឹង៦០ គីឡូក្រាម) ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះបានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញក៏បានឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ដោយយោងលើសារាចរលេខ ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩។
មហាជនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ៀចំពោះបញ្ហាលំហូរចូលនៃគ្រឿងក្នុងជ្រូកខូចគុណភាព ចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរាប់តោនជារៀងរាល់ថ្ងៃ ដោយខ្លះប្រាប់ថា មានច្បាប់នាំចូល និង ខ្លះទៀតពុំមានច្បាប់នោះទេដោយលួចបង្កប់ជាមួយឡានដឹកត្រី និង ឡានដឹកចំណីក្រពើ ។
តែអ្វីដែលសំខាន់នោះ តាមប្រភពបានឲ្យដឹងថា បើនិយាយឲ្យចំទៅការវេចខ្ចប់របស់ក្រុមឈ្មួញមួយចំនួន គឺមិនត្រឹមត្រូវតាមស្តង់ដារនោះទេ ជាហេតុធ្វើឲ្យសាច់ឬគ្រឿងក្នុងជ្រូកទាំងនេះគ្មានអនាម័យ និង ងាយខូចគុណភាពផងដែរ ៕ដោយ៖វណ្ណា